ពីខេត្តព្រះសីហនុ ៖ ត្រូវបានបែកធ្លាយលើកឡើងថា ៖ ទំនិញខុសច្បាប់ និងបង់ពន្ធ ប្រហែល ៣០ភាគរយ កំពុងហូរចូល តាមច្រក ផែទំនប់រលក នៃខេត្តព្រះសីហនុ ដោយសារមានការ សម្របសម្រួល គៃបំបាត់ ចំណូលពន្ធ ពីមន្ត្រីជំនាញ គយនិងរដ្ឋាករ ប្រចាំច្រកនេះហើយគេដឹងថា អ្នកដែលមានមុខ ចាត់ចែង ប្រមូលផលប្រយោជន៍ ពីអំពើលួចគេចពន្ធ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ខ្លាំងជាងគេ គឺលោក ផាត់ សំណាង ដែលមានតួនាទីជា អនុប្រធាន ការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកទ្វារផែទំនប់រលក ទទួលផ្នែក ត្រួតពិនិត្យ។
តាមប្រភពបានបង្ហើប ឲ្យដឹងថា លោក ផាត់ សំណាង មានតួនាទី ជាអនុប្រធាន ក៏ពិតមែន តែគាត់មានអំណាច ណែនពេញដៃ ក្នុងការឃុបឃិត បើកភ្លើងខៀវ ឲ្យឈ្មួញធំៗ នាំចូលទំនិញ បង់ពន្ធមិនគ្រប់ ជាពិសេស ទំនិញខុសច្បាប់ ដោយមិនបាន ធ្វើការត្រួតពិនិត្យ ឲ្យស្របតាម គោលការណ៍ ប្រមូលពន្ធ របស់ថ្នាក់លើនោះទេ។ ក្រុមឈ្មួញនាំចូលទំនិញ តាមទូក តាមកប៉ាល់ មកឡើងនៅ ច្រកកំពង់ផែ ទំនប់រលក បានឲ្យដឹងថា បច្ចុប្បន្នលោក ផាត់ សំណាង និងលោក ណុប សំអាន មេគយច្រកទំនប់រលក កំពុងតែប្រើអំណាច គាបយកលុយពីពួកគាត់ កាន់តែច្រើនឡើងៗ ទៅតាមល្បិចកល របស់ខ្លួន។
បើតាមប្រភពបានឲ្យដឹងទៀតថា ៖ លោក ផាត់ សំណាង និងលោក ណុប សំអាន បានបង្ខំឲ្យពួកគាត់បង់លុយក្រៅផ្លូវការ ឬរាប់ក្បាលរថយន្ត ដឹកជញ្ជូនទំនិញ ពីផែទំនប់រលក យកលុយដោយមិនចេញវិក្កយបត្រ នោះទេ។
មិនតែប៉ុណ្ណោះ រាល់ទំនិញគេចពន្ធ ឬទំនិញ បង់ពន្ធមិនគ្រប់ ដែលឈ្មួញ សម្រុកនាំចូលតាមច្រក ទំនប់រលក មានដូចជាស្ករស ទំនិញចាប់ហួយ ស្រាបៀរ សំបកកង់រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿងសំណង់ គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ។ហើយ ទំនិញ ដែលនាំចូល តាមច្រកនេះ បង់ពន្ធច្រើនបំផុត ៣០ភាគរយ ក្រៅពីនោះ លោក ផាត់ សំណាង ជួយគៃបន្លំពន្ធ ដូចជាបង់ពន្ធ ដោយក្លែងភេទទំនិញ ឬបង្វែរទៅបង់ថ្លៃបាយ ជាដើម។
មានការបង្ហើបថា ៖ ឈ្មួញទាំងនោះ មានដូចជា ឈ្មួញឈ្មោះ តាធី ឈ្មួញឈ្មោះ ចែរ៉ា ឈ្មួញឈ្មោះ ចែរី ឈ្មួញឈ្មោះ ណុប ឈ្មួញឈ្មោះ កូ ឈ្មួញឈ្មោះ សុខុម និងឈ្មួញឈ្មោះ ហួត ជាដើម ហើយឈ្មួញទាំងអស់នេះ គឺជាឈ្មួញ ជើងចាស់ យូរឆ្នាំមកហើយ។
ដោយឡែក លោក ហាក់ ម៉ៅ ក៏បានក្លាយជា អ្នកម៉ៅការ កាងដឹកទំនិញគេចពន្ធ ប្រចាំច្រក ទំនប់រលក យ៉ាងភ្លូកទឹកភ្លូកដីផងដែរដោយគ្មាននរណា ហ៊ានប៉ះពាល់ ម្តងណាឡើយ។
រីឯ លោក ផាត់ សំណាង វិញប្រភព ក្នុងទម្លាយថា ៖ បានតម្រូវឲ្យឈ្មួញ បង់លុយក្បាលរថយន្តក្នុងមួយគ្រឿង ពី៣០០ទៅ៥០០ដុល្លារ តាមតែទំនើងចិត្ត ហើយករណីអោយមានការ បង់លុយផ្ទៃក្រោមតុ ក្នុងមួយឯកសារយ៉ាងតិចពី ៧០ដុល្លារឬ១០០ដុល្លារទៅអោយក្រុមរបស់ខ្លួនជាអ្នកកាន់ការឃ្លាឯកសារ
ដោយគ្មានឈ្មួញណាអាចហ៊ានតវ៉ាជាមួយគាត់បានឡើយ ដោយដោះសារថា ៖ ជានិតិវិធីថ្មីរបស់គយ ។ ពាក់ព័ន្ធបញ្ហានេះដែរការរិយាល័យរបស់យើងមិនអាចសុំការទំនាក់ទំនងពីភាគីលោក ណុប សាអាន និងលោក ផាត់ សំណាងបានឡើយក្នុងថ្ងៃនេះ ដោយមិនលើកទូរស័ព្ទ ៕ ដោយ ឆ្លាមសមុទ្រ