ប្រភពដែលស្និទ្ធនឹងលោក ហេង សំហៃ បានបង្ហើបឲ្យដឹងថា មានឈ្មួញធំៗនិ ងក្រុមហ៊ុនមួយចំនួនឃុបឃិត ជាមួយលោក ហេង សំហៃ ហើយនាំចូលទំនិញ គេចពន្ធ ទំនិញក្លែងប្រភេទ បង់ពន្ធមិនគ្រប់និងទំនិញគេចពន្ធ ស្រេចតែ អំ ពើចិត្ត។ ក្នុងនោះមានដូចជា ក្រុមហ៊ុនរបស់ឈ្មួញឈ្មោះ ធី ក្រុមហ៊ុនរបស់ឈ្មួញឈ្មោះ ហុង ឡេងហួរ ហៅទី ខ្មូត, ឈ្មួញ ឈ្មោះ ចែវីន, ឈ្មួញឈ្មោះ ចែហួង, ឈ្មួញឈ្មោះ តាកូ និងឈ្មួញឈ្មោះ យាយស៊ី ជាដើម។ ឈ្មួញទាំងនេះនាំចូលទំនិញដូចជា សំបកកង់រថយន្ត ប្រេងម៉ាស៊ីន ម៉ាស៊ីនត្រជាក់ ស្រាបៀរ ទឹកក្រូច និងគ្រឿងអេឡិចត្រូនិក ជាដើមប៉ុន្តែនៅក្នុងឯកសារបែរជាដាក់ថា នាំចូលទំនិញចម្រុះឬទឹកដោះគោទៅវិញ។ តាមរយៈការតម្រូវឲ្យឈ្មួញបង់លុយក្បាលរថយន្តដឹកទំនិញ និងតាមរយៈការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងក្លែងឯកសារបន្លំប្រភេទទំនិញ គឺលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់កែវផុស ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពពីក្រុមឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែកែវផុស ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក ហេង សំហៃ ដែលជាប្រធានការិយាល័យច្រកនេះ គាបយកលុយពីពួកគេតាមរបៀបពុករលួយកាន់តែខ្លាំងឡើងៗ។ ក្រុមឈ្មួញបានឲ្យដឹងទៀតថាលោក ហេង សំហៃ តែងប្រើប្រាស់ឈ្មោះលោក គុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើរបស់ខ្លួនយ៉ាងគឃ្លើនកុំឲ្យក្រុមឈ្មួញហ៊ានតវ៉ា។ ហេតុនេះហើយទើបក្រុមឈ្មួញអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ខ្លះផង។
បើតាមការអះអាងរបស់ក្រុមឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែកែវផុស បានឲ្យដឹងថា បច្ចុប្បន្នលោក ហេង សំហៃ តម្រូវឲ្យពួកគេបង់លុយក្បាលរថយន្តដឹកទំនិញបន្ថែមពីលើការបង់ពន្ធធ្វើឲ្យពួកគេចំណាយកាន់តែច្រើនជាងមុន។ លើសនេះទៅទៀតលោក ហេង សំហៃ បានឃុបឃិតជាមួយម្ចាស់ក្រុមហ៊ុនមួយចំនួនក្នុងការកែឯកសារបន្លំប្រភេទទំនិញ ហើយបែងចែកផលប្រយោជន៍លើតុក្រោមតុយ៉ាងសុខស្រួល។ បើតាមការបង្ហើបពីមន្ត្រីនៅច្រកកំពងផែកែវផុស បានឲ្យដឹងថា ជួនកាលឈ្មួញនាំចូលម៉ាស៊ីនត្រជាក់ សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិកជាដើម ប៉ុន្តែក្នុងឯកសារបែរជាដាក់ថាឈ្មួញនាំចូលទំនិញចម្រុះឬទឹកដោះគោទៅវិញ។ បញ្ហានេះកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយផលប្រយោជន៍បានទៅលើលោក ហេង សំហៃ និងបក្ខពួកដែលប្រើប្រាស់ឈ្មោះលោក គុណ ញឹម ទៅបិទបាំងទង្វើរបស់ខ្លួន។បឋម