មន្ត្រីនៅក្នុងមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ បានឲ្យដឹងទៀតថា ក្រៅពីឈ្មួញឈ្មោះ តាំង អៀង ឈ្មួញឈ្មោះ ណុប ឌី និងឈ្មួញឈ្មោះ ឆាង ម៉ៅ សម្រុកប្រមូលទិញឈើនិងដឹកជញ្ជូន ឈើចេញពី ខេត្ត ពោធិ៍ សាត់ យ៉ាងរលូន គឺឈ្មួញឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ក៏បន្តសកម្មភាព ប្រមូលទិញ ឈើដឹក ចេញពីខេត្តពោធិ៍សាត់ ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ កោះ សំភី ហៅតាហយ ដែលមានលំនៅដ្ឋានក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងបក្ខពួកកំពុងបំផ្លាញព្រៃឈើក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងមហន្តរាយ។ មេឈ្មួញឈ្មោះ កោះ សំភី ហៅតាហយ មានរោងម៉ាស៊ីនអារឈើធំៗជាច្រើនកន្លែងក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ហើយមានរថយន្តកែច្នៃ៧ទៅ៨គ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃទៀតផង។ ហេតុនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញខ្លះផង ព្រោះប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ទាំងថ្ងៃទាំងយប់។ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញ៤នាក់កំពុងសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា មេឈ្មួញ តាំង អៀង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ កំពុងសម្រុកកាប់ឈើប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងរលូនព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់មេឈ្មួញ តាំង អៀង ខ្លះផងព្រោះឈ្មួញម្នាក់នេះប្រើប្រាស់អាជ្ញាប័ណ្ណហួសសុពលភាពរបស់ក្រុមហ៊ុនអឹមឌីអេស ដើម្បីដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាងគគ្រឹកគគ្រេង។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ត្រូវប្រជាពលរដ្ឋរិះគន់ថាមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលធ្វើសកម្មភាពបំផ្លាញព្រៃឈើយ៉ាងមហន្តរាយនោះទេ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកភ្នក្រវាញ បានឲ្យដឹងថា មេឈ្មួញ ណុប ឌី ហៅឆើត នៅតែបន្តសកម្មភាពប្រមូលទិញឈើពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ហើយដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅស្រុកយួនយ៉ាងរលូនព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ចំណែកឈ្មួញឈ្មួញ ង៉ោ ម៉ៅ ហៅឆាងម៉ៅ និងប្រពន្ធ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ក៏បន្តសកម្មភាពប្រមូលទិញឈើដឹកជញ្ជូនចេញពីស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកផងដែរព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយដោះស្រាយគ្រប់ពេលវេលា។ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជាខ្នងបង្អែកដ៏រឹងមាំរបស់មេឈ្មួញ ង៉ោ ម៉ៅ ហៅឆាងម៉ៅ ជាយូរមកហើយ។បឋម