ខេត្តរតនគិរី៖ ប្រភពពីមន្ត្រីរាជការនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា មេឈ្មួញ ប៉ុល វិសាល ដែលជាមេការរបស់ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីនគរបាលពាក់ស័ក្ដិ២ក្នុងខេត្តរតនគិរី ឈ្មោះ យ៉ាត សុធា គឺជាអ្នកសម្របសម្រួលឲ្យមេឈ្មួញ ប៉ុល វិសាល ប្រមូលទិញឈើពីស្រុកវ៉ើនសៃ និងបណ្ដាស្រុកនានា ដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូន។ ជាងនេះទៅទៀតការដែលមេឈ្មួញ ប៉ុល វិសាល អាចដឹកជញ្ជូនឈើទៅស្រុកយួនដោយគ្មានឧបសគ្គ គឺដោយសារមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរីផងដែរ។
ប្រភពពីមន្ត្រីរាជការក្នុងខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មេឈ្មួញឈ្មោះ ប៉ុល វិសាល ជាមេការក្រុមហ៊ុន ទ្រី ភាព និងឈ្មោះ ហូវ ជីវ៉ៃ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ សាល បានប្រមូលទិញឈើនៅក្នុងភូមិភ្នំកុក ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី សម្រាប់ដឹកជញ្ជូនចេញទៅស្រុកយួនដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលឈរជើងក្នុងខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ សាល ដែលមានខ្នងបង្អែកយ៉ាងរឹងមាំនោះដែរ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលនិងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៧ មេការក្រុមហ៊ុន ទ្រី ភាព ឈ្មោះលោក សាល នៅតែសម្រុកប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនគឺជាអ្នកឃុបឃិតឲ្យលោក សាល ធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហេតុនេះហើយទើបលោក សាល អាចប្រមូលទិញឈើពីតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តរតនគិរី ហើយដឹកជញ្ជូនទៅស្រុកយួនយ៉ាងរលូន។ ជាងនេះទៅទៀតលោក សាល បានប្រើប្រាស់ឈ្មោះក្រុមហ៊ុន ទ្រី ភាព ធ្វើជាបង្អែកក្នុងការដឹកជញ្ជូនឈើទៅស្រុកយួន បើទោះបីឧកញ៉ា ទ្រី ភាព ធ្លាប់ប្រកាស់បញ្ឈប់ជំនួញឈើយ៉ាងណាក៏ដោយ។
សមត្ថកិច្ចនគរបាលក្នុងក្រុងបានលុង ខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឈើប្រភេទនាងនួននិងឈើប្រណីតប្រភេទផ្សេងទៀតប្រមាណ៥រថយន្តយីឌុបត្រូវបានគេដឹកចេញពីខេត្តស្ទឹងត្រែង យកទៅស្តុកទុកក្នុងចម្ការដូងប្រេងក្បែរគល់ស្ពានស្រែពកមុននឹងជញ្ជូនយកទៅដាក់ក្នុងឃ្លាំងនៅក្រុងបានលុង ខេត្តរតនគិរី ហើយនៅពេលយប់ទើបគេដឹកជញ្ជូនទៅស្រុកយួន។ ប្រភពបានឲ្យដឹងទៀតថាលោក សាល បានប្រើប្រាស់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ ដើម្បីដឹកជញ្ជូនឈើទៅស្រុកយួនក្នុងមួយជើងៗជាច្រើនរថយន្តយីឌុបដែលមានចំណុះរាប់សិបតោន។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតត្រូវបានគេដឹងថា ជាអ្នកឃុបឃិតបើកដៃឲ្យលោក សាល ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តរតនគិរី បានឲ្យដឹងថាលោក សាល មេការក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី ល្បីល្បាញខាងប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនច្រើនឆ្នាំមកហើយ។ ការដែលលោក សាល អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារនិងដោះស្រាយគ្រប់ពេលវេលា ហើយមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធតូចតាចមិនហ៊ានប៉ះពាល់លោក សាល នោះទេ។ រយៈពេលប្រមាណ១ខែកន្លងទៅនេះលោក សាល បានប្រើប្រាស់រថយន្តយីឌុបធំៗសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ក្នុងខណៈដែលលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា ក្នុងចំណោមឈ្មួញដែលប្រើប្រាស់រថយន្តយីឌុបធំៗដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺលោក សាល ធ្វើសកម្មភាពខ្លាំងក្លាជាងគេហើយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះ៕