សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅឃុំស្វាយរំពារ និងឃុំសំរោងសែន ស្រុកកំពង់លែង បានឲ្យដឹងថា ក្រុមអ្នកដែល ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃ លិចទឹកជម្រកត្រីពងកូនក្នុងដែន ឡូត៍នេសាទលេខ១០អា មានដូច ជាទី១- ឈ្មោះ អ៊ុក អ៊ាង ជាមន្ត្រី ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ឆ្នាំង រស់នៅក្នុងភូមិល្វាង ឃុំស្វាយរំពារ ស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង។ ទី២-ឈ្មោះ កឹក ហៃ ជាប្រធានសហគមន៍នេសាទគ្រប់គ្រងក្នុងឃុំចំនួន២ គឺស្វាយរំពារ និងឃុំសំរោងសែន ហើយមានទីលំនៅក្នុងភូមិល្វាង ឃុំស្វាយរំពារ។ ទី៣-ឈ្មោះ ឡុង គឹមហុង ជាជំទប់ទី១ឃុំសំរោងសែន និងឈ្មោះ អ៊ុត ឆេង រស់នៅភូមិបប្រ៉ក ឃុំសំរោងសែន។
ប្រភពពីប្រជាពលរដ្ឋនៅឃុំស្វាយរំពារ និងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ននេះព្រៃលិចទឹកជម្រកត្រីពងកូនក្នុងដែនឡូត៍នេសាទលេខ១០អា រាប់រយហិកតាត្រូវក្រុមឈ្មួញ និងអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិអស់រាប់រយហិកតារួចទៅហើយ។ ប្រជាពលរដ្ឋក្នុងឃុំសំរោងសែន បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មេឃុំ និងអភិបាលស្រុក ក៏ដូចជាមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់លែង ទេនោះគឺគ្មាននរណាអាចធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ស្រេចតែអំពើចិត្តបានទេ។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ដូចជាលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងដែនឡូត៍នេសាទលេខ១០អា កើតឡើងយ៉ាងរាលដាល។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងឃុំសំរោងសែន និងឃុំស្វាយរំពារ បានឲ្យដឹងថា ដីព្រៃលិចទឹកដែលក្រុមជនល្មើសកំពុងឈូសឆាយទន្ទ្រានកាន់កាប់យ៉ាងកំរោលនោះ គឺនៅចំណុចបឹងក្រាញ់ ចំណុចរាំងទឹល ចំណុចអន្ទឹលបាយឡៅ ចំណុចតាសែតធំ តាសែតតូច នៅក្នុងឃុំស្វាយរំពារ និងឃុំសំរោងសែន។ ប្រភពពីប្រជាសហគមន៍នេសាទក្នុងឃុំស្វាយរំពារ បានឲ្យដឹងថា មេឃុំសំរោងសែន មេឃុំស្វាយរំពារ និងអភិបាលស្រុកកំពង់លែង នៅពីក្រោយបទល្មើសនេសាទទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងមូលដ្ឋានពួកគាត់ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងក្រអឺតក្រទម។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាលោក ងិន ហ៊ុន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ទំនងមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍?បឋម