ថ្មីៗនេះសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុនសំអឿនសុវណ្ណ បង្កើតរោងចក្រអារឈើមួយ នៅចំណុចអូរស្នៀត ហើយ ដំឡើងម៉ាស៊ីន អារឈើជា ច្រើន គ្រឿងដើម្បីអារឈើដឹកជញ្ជូនធ្វើអាជីវកម្មតាមអំពើចិត្ត។ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំអូរស្នៀត បានឲ្យដឹងទៀតថាក្រុមហ៊ុនសំអឿនសុវណ្ណ ដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកា មកគរទុកក្នុងទីតាំងរោងចក្ររបស់ខ្លួនជាច្រើនគំនរ រួចហើយអារច្រៀកដឹកជញ្ជូនទៅចែកចាយតាមដេប៉ូច្រើនកន្លែងក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។ ចំណែកមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ មិនហ៊ានទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនសំអឿនសុវណ្ណ នោះទេដោយសារពួកគេខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្ដោយឲ្យព្រៃឈើប្រឈមនឹងសេចក្ដីវិនាស។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនសំអឿនសុវណ្ណ កំពុងធ្វើសកម្មភាពបំពានកាប់ឈើក្នុងព្រៃព្រះរកា យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ទន្ទឹមនឹងនេះក្រុមហ៊ុនសំអឿនសុវណ្ណ បានដំឡើងម៉ាស៊ីនអារឈើជាច្រើនគ្រឿងនៅក្បែរព្រៃព្រះរកា ដើម្បីងាយស្រួលដឹកជញ្ជូនពីក្នុងព្រៃព្រះរកា ចូលមកអារច្រៀកហើយដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងរលូន។ បញ្ហានេះកំពុងធ្វើឲ្យបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ កំពុងក្លាយជារឿងឥតន័យ ព្រោះក្រុមហ៊ុនសំអឿនសុវណ្ណ នៅតែបំពានកាប់ឈើក្នុងតំបន់ព្រៃព្រះរកា យ៉ាងមហន្តរាយហើយអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុកតែម្តង។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំតស៊ូ ស្រុកជ័យសែន បានបង្ហើបឲ្យដឹងថានមេការក្រុមហ៊ុនសំអឿនសុវណ្ណ ថែមទាំងហ៊ានប្រកាសឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើយកទៅលក់ឲ្យរោងចក្រអារឈើរបស់ខ្លួនទៀតផង ព្រោះមានសមត្ថកិច្ចនិងមន្ត្រីជំនាញជួយសម្របសម្រួលយ៉ាងរលូន។ ដូច្នេះហើយទើបក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋមួយចំនួនកាប់ឈើដឹកជញ្ជូនចូលទៅទីតាំងរោងចក្រអារឈើរបស់ក្រុមហ៊ុនសំអឿនសុវណ្ណ រាប់សិបគ្រឿងហើយក្រុមហ៊ុនសំអឿនសុវណ្ណ ក៏បានប្រើប្រាស់គោយន្ត រថយន្តបង្កុង និងរថយន្តយីឌុប ដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា យ៉ាងគគ្រឹកគគ្រេងផងដែរ។ ប្រជាពលរដ្ឋក្នុងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃព្រះរកា ជាបន្ទាន់ព្រោះបច្ចុប្បន្នក្រុមហ៊ុនសំអឿនសុវណ្ណ កំពុងធ្វើសកម្មភាពបំផ្លាញព្រៃព្រះរកា យ៉ាងមហន្តរាយ។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ គ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃព្រះរកានោះទេ។បឋម