ប្រភពដែលស្និទ្ធនឹងលោក ឡាយ វិសិដ្ឋ បានឲ្យដឹងថា ការដែលបទល្មើសនេសាទក្នុង តំបន់បឹងទន្លេ សាប នៃស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង កើតឡើងយ៉ាងរាលដាល ក៏មានការឃុបឃិតបើក ដៃពី សំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅ ដោយ រលូន។ ប្រសិនបើគ្មានលោក ឡាយ វិសិដ្ឋ ជាមេខ្លោងធំទេនោះគឺលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងលោក លឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកាន មិនហ៊ានឃុបឃិតឲ្យឈ្មួញជនជាតិយួនប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយដូចសព្វថ្ងៃនេះឡើយ។ ប្រភពបានដែលស្និទ្ធនឹងលោក ឡាយ វិសិដ្ឋ បានបញ្ជាក់ទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបាកាន ស្រុកកណ្ដៀង និងស្រុកក្រគរ សុទ្ធតែត្រូវបង់លុយតាមការកំណត់របស់លោក ឡាយ វិសិដ្ឋ ដូច្នេះហើយទើបពួកគេឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាលដាលដើម្បីប្រមូលលុយបង់ឲ្យមេៗនៅខាងលើតាមការកំណត់។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ គឺជាមេខ្លោងធំនៅពីក្រោយបទល្មើសព្រៃឈើនិងបទល្មើសនេសាទក្នុងខេត្តពោធិ៍សាត់។ មន្ត្រីស្និទ្ធនឹងលោក ឡាយ វិសិដ្ឋ បានបង្ហើបឲ្យដឹងថា ការដែលលោក ឡាយ វិសិដ្ឋ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះ គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្ម ទើបហ៊ានប្រើអំណាចនិងតួនាទីរបស់ខ្លួនឃុបឃិតឲ្យមានបទល្មើសព្រៃឈើនិងបទល្មើសនេសាទកើតឡើងយ៉ាងរាលដាល។ មានការបង្ហើបឲ្យដឹងថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល សុទ្ធតែជាខ្នងបង្អែករឹងមាំរបស់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដែលល្បីល្បាញខាងពុករលួយ។
តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញច្រើននាក់ដូចជា មេឈ្មួញ តាំង អៀង មេឈ្មួញ ណុប ឌី និងមេឈ្មួញ ង៉ូវ ទី ជាដើមនៅតែបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។ ប៉ុន្តែលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ ហើយបណ្ដោយឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈើធំៗក្នុងខេត្តពោធិ៍សាត់ ជាប្រភពចំណូលរបស់លោក ឡាយ វិសិដ្ឋ ជាយូរមកហើយទើបលោក ឡាយ វិសិដ្ឋ មិនចាត់វិធានការបង្ក្រាបហើយមានតែឃុបឃិតឲ្យឈ្មួញទាំងនោះកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់។បឋម