ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តស្ទឹងត្រែងបានឲ្យដឹងថាពួកគេមិនហ៊ានប៉ះពាល់ ឧកញ៉ា ជ័យ ដែលជា ឈ្មួញដ៏មាន អំណាចនិងមានខ្នងបង្អែករឹងមាំនោះទេ ព្រោះនរណាក៏ដឹងដែរថាបើហ៊ានប៉ះពាល់ ឧកញ៉ា ជ័យ គឺអាច របូតស័ក្ដិពីលើស្មា។ ដូច្នេះហើយទើបមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង សុខចិត្តទទួកយកផលប្រយោជន៍បន្តិចបន្តួចពីឧកញ៉ា ជ័យ ហើយបណ្ដោយឲ្យឈ្មួញរូបនេះប្រើប្រាស់រថយន្តយីឌុបធុនធំដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងខ្សែៗទៅដល់គោលដៅដោយគ្មានការរំខាន។ ប្រជាពលរដ្ឋក្នុងស្រុកសេសាន ក៏ដូចជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានសម្ដែងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីវិនាសនៃព្រៃឈើនៅស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រោះបច្ចុប្បន្នឧកញ៉ា ជ័យ នៅតែបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកទាំង២នេះយ៉ាងពេញបន្ទុកតែម្តង។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកសេសាន បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើរបស់ឧកញ៉ា ជ័យ ខ្លះផងព្រោះព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ប្រហែលចៀសមិនផុតពីរលាយដោយសារស្នាដៃឧកញ៉ា ជ័យ នោះឡើយ។
ប្រភពពីសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ឈើអារប្រភេទលេខ១រាប់រយម៉ែត្រគូបត្រូវបានឧកញ៉ា ជ័យ ហៅឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដឹកចេញពីឃ្លាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ តាមរថយន្តយីឌុបធំៗចំនួន១៤គ្រឿង។ ប្រភពបានឲ្យដឹងទៀតថាឧកញ៉ា ជ័យ បានប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនស្ដារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះ។ បើទោះបីនៅក្នុងបរិវេណផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មបន្តទៀតក៏ដោយ ក៏ឧកញ៉ា ជ័យ នៅតែមានឈើប្រភេទលេខ១រាប់រយម៉ែត្រគូបដឹកជញ្ជូនចេញទៅស្រុកយួនតាមរថយន្តយីឌុបធុនធំទាំងខ្សែៗ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ឈើដែលឧកញ៉ា ជ័យ ដឹកជញ្ជូនចេញទៅស្រុកយួនតាមរថយន្តធុនធំទាំងខ្សែៗជាបន្តបន្ទាប់កន្លងទៅនេះ គឺជាឈើកាប់ចេញពីព្រៃអភិរក្ស ព្រៃសហគមន៍ និងព្រៃការពារក្នុងស្រុកសេសាន ក៏ដូចជាស្រុកសៀមប៉ាង។ ឈើដែលឧកញ៉ា ជ័យ កាប់ចេញពីតំបន់ផ្សេងៗត្រូវបានដឹកជញ្ជូនចូលទីតាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឲ្យក្លាយជាឈើស្របច្បាប់ដោយមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ប្រការនេះកំពុងធ្វើឲ្យព្រៃការពារ ព្រៃសហគមន៍ ព្រៃអភិរក្សក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ចៀសមិនផុតពីសេចក្ដីវិនាសឡើយ។បឋម