ប្រភពពីអ្នកជំនួញឈើបានឲ្យដឹងថា លោក ជា តារានាយការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នង ការដ្ឋា ននគរបាលខេត្តរតនគិរី តែងតែប្រើប្រាស់ឈ្មោះលោក ងួន គឿន មេនគរបាលខេត្តរតនគិរី ក្នុងការឃុបឃិតឲ្យ ឈ្មួញធំៗដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង។ ដោយសារលោក ជា តារា អាងមានលោក ងួន គឿន ជាខ្នងបង្អែករឹងមាំបែបនេះហើយ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តហើយឈ្មួញដែលប្រកបអាជីវកម្មដឹកជញ្ជូនឈើចេញទៅស្រុកយួន ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ជា តារា ទើបមុខរបររបស់ពួកគេគ្មានផលវិបាក។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា ករណីឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ជា តារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ផងដែរ។ សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ឈ្មួញឈើធំៗដែលនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើន គឺពួកគេសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ជា តារា ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានឧបសគ្គឬការរំខាន។ ប្រសិនបើឈ្មួញណាគ្មានទំនាក់ទំនងល្អជាមួយលោក ជា តារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ទេនោះគឺចៀសមិនផុតពីការបង្ក្រាបយកស្នាដៃបង្ហាញថ្នាក់លើឡើយ។
តាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា ការដែលលោក ជា តារា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ដែលជាបង្អែកដ៏រឹងមាំផងដែរ។ បើតាមការបង្ហើបពីឈ្មួញមួយចំនួនដែលបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងខាងក្រោយកាស៊ីណូក្បែរច្រកអូរយ៉ាដាវ បានឲ្យដឹងថា ពួកគេត្រូវបង់លុយតាមការកំណត់របស់លោក ជា តារា ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញទៅលើអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ជា តារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាបន្ទាន់។ ដោយសារថាទង្វើរបស់លោក ជា តារា កំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននគរបាលជាតិទាំងមូល ហើយថែមទាំងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តរតនគិរី ប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។បឋម