ប្រភពពីប្រជាពលរដ្ធបានឲ្យដឹងថា ការដែលអ្នកមានលុយ អ្នកមានអំណាច អាចទន្ទ្រានកាន់កាប់ដីព្រៃលិច ទឹក គឺដោយ សារមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងមន្ត្រីអាជ្ញាធរមូល ដ្ឋាននិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ បែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ យ៉ាងរាលដាលក្នុងខណៈដែលដីមានតម្លៃខ្ពស់។
ប្រជាពលរដ្ឋនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នដីព្រៃលិចទឹកជម្រកត្រីពងកូនក្នុងតំបន់ហាមឃាត់ រាប់សិបហិកតាកំពុងត្រូវបានអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំកំពង់គោ មានដូចជា ទី១-លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ, ទី២-លោក ស្រី ណាល់ មេឃុំកំពង់គោ, ទី៣-លោក ឈុត ប៊ុនថាំ ជំទប់ទិ១, ទី៤-លោក យ៉េន ម៉ង ប្រធានសហគមន៍, ទី៥-លោក ប៊ុន នី ហៅប៊ី មេការនាំត្រាក់ទ័រចូលឈូសឆាយ, ទី៦-លោក គួក គឿន អ្នកឈូសឆាយព្រៃលិចទឹក, ទី៧-លោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ, ទី៨-ឈ្មោះ តាប៉ែត ជាអ្នកទទួលលុយ និងទី៩-ឈ្មោះ យ៉ុន ជាមេការនាំគ្រឿងចក្រចូលទៅឈូសឆាយព្រៃលិចទឹក។ ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមមន្ត្រីនិងជនល្មើសដែលមានឈ្មោះដូចខាងលើនេះ គឺពួកគេមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកក្នុងតំបន់៣ នៅភូមិព្រះស្នែង អូរចេះ ខាងជើងស្ទឹងសែន ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កន្លងមកក្រុមមន្ត្រីនិងជនល្មើសដែលមានឈ្មោះដូចខាងលើនេះ តែងគេចផុតពីសំណាញ់ច្បាប់ទើបពួកគេហ៊ានអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីរាជការក្នុងស្រុកកំពង់ស្វាយ មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ ទេនោះគឺគ្មានឈ្មួញឬជនល្មើសណាហ៊ានយកគ្រឿងចក្រទៅឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។
ដូច្នេះលោក សុខ លូ អភិបាលខេត្តកំពង់ធំគួរពិនិត្យឡើងវិញអំពីបញ្ហានេះព្រោះអត្តសញ្ញាណមន្ត្រីពុករលួយនិងក្រុមជនល្មើសធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានលាតត្រដាងជាសាធារណៈរួចហើយ។(បឋមចាំមើល)