ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានឲ្យដឹងថា ក្រុមជនល្មើសម្ចាស់គ្រឿងចក្រ ដែលធ្វើសកម្ម ភាព ឈូសឆាយបំផ្លាញព្រៃលិចទឹកទន្ទ្រាន កាន់កាប់យកធ្វើជាកម្មសិទ្ធិនោះ គឺអាចមានការឃុបឃិតបើក ដៃពីសំណាក់ មេឃុំកំពង់ស្វាយ និងលោក អ៊ុន បុក្រ អភិបាលស្រុកកំពង់ស្វាយ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ក៏ដូចជាពីសំណាក់មេឃុំកំពង់គោ និងពីសំណាក់អភិបាលស្រុកកំពង់ស្វាយ ទេនោះគឺគ្មានជនល្មើសណាហ៊ានប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣ នៅភូមិជីលា ដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនិងស្វាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣ នៅភូមិជីលា ឃុំកំពង់គោ ស្រុកកំពង់ស្វាយ កំពុងកើតឡើងយ៉ាងរាលដាលហើយការបង្ក្រាបរបស់សមត្ថកិច្ចពាក់ព័ន្ធគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅចំណុចព្រះស្នែង កំពុងកើតមានយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាលោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹកយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មិនទាន់ចាត់វិធានការបង្ក្រាបបទល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹកនៅតំបន់ព្រះស្នែង នៅឡើយទេ។
តាមការអះអាងរបស់ប្រជាពលរដ្ឋនៅភូមិខ្សាច់ជីលា ឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានឲ្យដឹងថា ក្រុមជនល្មើសបានប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣ ជម្រកត្រីពងកូន ដែលជាតំបន់ហាមឃាត់ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ព្រៃលិចទឹកក្នុងតំបន់៣ នៅភូមិជីលា ត្រូវបានក្រុមជនល្មើសប្រើគ្រឿងចក្រ៣គ្រឿងធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់យ៉ាងគឃ្លើន ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកប្រជាពលរដ្ឋដែលប្រើកាំបិតនិងពូថៅ កាប់ឆ្ការដីព្រៃបន្តិចបន្តួចគឺចៀសមិនផុតពីការបង្ក្រាបរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។បឋម