ក្រុមឈ្មួញនិងអាជីវករដែល ដឹកជញ្ជូនឈើ ដឹកជញ្ជូនទំ និញឆ្លងកាត់ផ្លូវជាតិលេខ៧ ភូមិមានជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគេដឹក លើសទម្ងន់ឬមិនលើសទម្ងន់ យ៉ាងណាក៏ដោយ គឺ ត្រូវបង់លុយ តាមការ កំណត់រប ស់លោក អ៊ុយ ហឿន និងបក្ខពួកជាការស្រេចតែម្តង។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនឈើនិងដឹកជញ្ជូនទំនិញធំៗរាប់រយគ្រឿងបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧ ភូមិមានជ័យ ស្រុកស្នួល ខេត្តក្រចេះ ដូច្នេះលោក អ៊ុយ ហឿន និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានជាមួយចៅហ្វាយនាយនៅខាងលើ។ ប្រការនេះហើយដែលកំពុងធ្វើឲ្យផ្លូវជាតិលេខ៧ និងផ្លូវជាតិផ្សេងៗទៀតក្នុងខេត្តក្រចេះ ត្រូវខូចជាបន្តបន្ទាប់ព្រោះរថយន្តធំៗផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់តាមអំពើចិត្តដោយសារមានការឃុបឃិតបើកដៃពីសំណាក់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ កំពុងបើកដៃឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងថា ប្រធានក្រុមការងារស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិមានជ័យ ស្រុកស្នួល ខេត្តក្រចេះ លោក អ៊ុយ ហឿន គឺជាអ្នកឃុបឃិតឲ្យរថយន្តធំៗដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ ដោយមិនចាត់វិធានការត្រួតពិនិត្យថ្លឹងទម្ងន់នោះទេ។ ចំណែកលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្តក្រចេះ សម្ងំចាំទទួលផលប្រយោជន៍យ៉ាងសុខស្រួល ហើយបណ្ដោយឲ្យលោក អ៊ុយ ហឿន និងបក្ខពួកស្រេចតែអំពើចិត្ត។
មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការខេត្តក្រចេះ បានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧ ក្នុងភូមិមានជ័យ ស្រុកស្នួល ខេត្តក្រចេះ ខ្លះផង។ ដោយហេតុថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ នៅតែឃុបឃិតឲ្យរថយន្តធំៗផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ យ៉ាងពេញបន្ទុកដើម្បីជាថ្នូរផលប្រយោជន៍តាមរបៀបពុករលួយ។ មន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ទេនោះគឺក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧ ចំណុចភូមិមានជ័យ ស្រុកស្នួល ខេត្តក្រចេះ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។បឋម