សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា ព្រៃឈើដែលនៅសេសសល់ តាមតំបន់ព្រំដែនខ្មែរ-យួន ក្នុង ស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ ចៀសមិនផុតពី សេចក្ដីវិនាសដោយ សារស្នាដៃមេឈ្មួញ ហូវ ជីវ៉ៃ នោះទេ។ ប្រភពបានឲ្យដឹងថា ឈ្មួញ ហូវ ជីវ៉ៃ បានប្រើប្រាស់ឈ្មោះ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរ តនគិរី និងប្រើឈ្មោះ លោក ថង សាវុន អភិបាលខេត្តរតនគិរី ដើម្បីការពារសក ម្មភាព របស់ខ្លួនក្នុងការកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួន។ ដោយសារដឹងថា មេឈ្មួញ ហូវ ជីវ៉ៃ មានខ្នងបង្អែករឹងមាំទើបមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបមេឈ្មួញរូបនេះឡើយ ហើយបែរជាឃុបឃិតឲ្យមេឈ្មួញម្នាក់នេះដឹកជញ្ជូនឈើទៅស្រុកយួនកាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-យួន ក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញ ហូវ ជីវ៉ៃ បានសម្រុកកាប់ឈើដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ទន្ទឹមនឹងនេះឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ក៏បន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះយ៉ាងគឃ្លើនផងដែរ។ ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតបានឲ្យដឹងថាឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និង ណាប់ វណ្ណៈ ដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី អាងមានខ្នងបង្អែករឹងមាំទើបហ៊ានបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនគ្មានញញើតអ្វីឡើយ។
ចំណែកប្រភពដែលស្និទ្ធនឹងមេឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា សព្វថ្ងៃនេះមេឈ្មួញ ណាប់ វណ្ណៈ បានយកឥទ្ធិពលនៃអំណាចរបស់លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ មន្ត្រីអាវុធហត្ថនៅក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី មួយចំនួនបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ទេនោះ គឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និង ណាប់ វណ្ណៈ ព្រមទាំងបក្ខពួកឈ្មោះ ស៊ីនឿន មិនហ៊ានបំផ្លាញព្រៃឈើក្នុងខេត្តរតនគិរី យ៉ាងមហន្តរាយដូចសព្វថ្ងៃនេះទេ។បឋម