ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា បទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងការទប់ស្កាត់បទ ល្មើសព្រៃឈើក្នុងខេត្តកំពង់ស្ពឺ នោះគឺកំពុងក្លាយទៅ ជារឿងឥតន័យឥតប្រយោជន៍អ្វី ទាំងអស់ ព្រោះបច្ចុ ប្បន្នរោង ម៉ាស៊ីនអារឈើច្រើនកន្លែង ក្នុងភូមិព្រៃខ្លា ភូមិត្រាំកង់ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅតែបន្ត ដំណើរ ការយ៉ាងរលូនដដែល។ ជាង នេះទៅទៀតឈ្មួញធំៗជាច្រើននាក់ ជាពិសេសឈ្មួញឈ្មោះ ណុប ឌី នៅតែបន្ត ប្រមូលទិញឈើប្រណីតពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តតាកែវ និងខេត្តកំពត យ៉ាងពេញបន្ទុកដូចមុនដដែល។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ស្ពឺ បានវាយតម្លៃថា បទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គ្រាន់តែនិយាយឲ្យពីរោះស្ដាប់ប៉ុណ្ណោះ ព្រោះរោងម៉ាស៊ីនអារឈើធំៗច្រើនកន្លែងនៅតែដំណើរការយ៉ាងគគ្រឹកគគ្រេង ហើយឈ្មួញធំៗជាច្រើននាក់នៅតែដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ យ៉ាងរលូនដដែល។
ប្រភពពីមន្ត្រីរាជការនៅក្នុងសាលាខេត្តកំពង់ស្ពឺ បានឲ្យដឹងថាលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញបទបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺប្រកបដោយប្រសិទ្ធភាពពិតប្រាកដ។ បទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានកើតឡើងក្រោយពេលមានសេចក្ដីរាយការណ៍ថា រោងម៉ាស៊ីនអារឈើដោយប្រើម៉ាស៊ីនខ្នាតធំជាច្រើនកន្លែងកំពុងដំណើរការនៅស្រុកបសេដ្ឋ ក៏ដូចជានៅស្រុកថ្ពង ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក៏ប៉ុន្តែបទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គឺជារឿងឥតន័យព្រោះរោងម៉ាស៊ីនអារឈើខ្នាតធំជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូននៅតាមបណ្ដាស្រុកដូចរៀបរាប់ខាងលើ ព្រោះម្ចាស់រោងម៉ាស៊ីនអារឈើទាំងនោះមានខ្នងបង្អែករឹងមាំ ហើយមានការបែងចែកផលប្រយោជន៍ទៅថ្នាក់លើជាប្រចាំ។
បើតាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបង្ហើបឲ្យដឹងថា ការដែលរោងម៉ាស៊ីនអារឈើខ្នាតធំច្រើនកន្លែងក្នុងស្រុកបសេដ្ឋ ស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច អាចដំណើរការយ៉ាងរលូនគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងពីសំណាក់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ទេនោះគឺម្ចាស់រោងម៉ាស៊ីនអារច្រៀកឈើខ្នាតធំមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។ ជាក់ស្ដែងការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តកំពង់ស្ពឺ នាពេលកន្លងមកគឺជាចំណាត់ការរបស់សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាល ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើមិនបង្ក្រាបបទល្មើសឡើយ ព្រោះខ្លាចប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។បឋម