កម្លាំងសមត្ថកិច្ចចម្រុះ ចុះ រឹបអូសឈើរាប់រយម៉ែត្រគូបនៅក្បែរ ក្រុមហ៊ុន “SK ឥណ្ឌា ” ដែលក្រុមឈ្មួញដឹកចេញពី តំបន់វារីអគ្គិសនី សេសានក្រោម២ ខេត្តស្ទឹងត្រែង យកមកលាក់ទុកនៅក្បែរក្រុមហ៊ុន មួយនេះ។ ប្រតិបត្តិការនេះ បានធ្វើ ឡើងកាល ពីថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដឹកនាំកម្លាំងដោយ លោក ជា ពេ ជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលជាការកត់សម្គាល់ គឺប្រតិបត្តិការរបស់ សមត្ថកិច្ច ធ្វើឡើងក្រោយ សារព័ត៌មានផ្សព្វផ្សាយពីភាពមិនប្រក្រតី ចំពោះការលាក់ទុកឈើដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
សមត្ថកិច្ចបានរកឃើញឈើប្រណីតៗគ្រប់ប្រភេទ មានដូចជា ឈើប្រភេទ សុក្រម កកោះ និងធ្នង់ អាឃ្លុំសម្រេច មានប្រវែង ០.៥០ម៉ែត្រ, ០.៦០ម៉ែត្រ, ០.៨០ម៉ែត្រ, ១.០០ម៉ែត្រ ទៅ១.២០ម៉ែត្រ និងមានមុខកាត់ចម្រុះចាប់ពី ២០, ៣០, ៤០ឃ្លុំ ដ៏ច្រើនសន្ធឹកសន្ធាប់រាប់ពាន់កំណាត់ រាប់រយម៉ែត្រគូប ដែលក្រុមឈ្មួញយកមកស្តុកលាក់ទុកយ៉ាងស្ងៀមស្ងាត់ នៅត្រង់ចំណុចដីសង្គមកិច្ច នៅមិនឆ្ងាយពីដីក្រុមហ៊ុន “SK ឥណ្ឌា” ប្រមាណតែជាង១០០ម៉ែត្រប៉ុណ្ណោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រាប់អ្នកសារព័ត៌មានថា ឈើទាំងនោះ ក្រុមឈ្មួញបានទិញ និងដឹកជញ្ជូនចេញពីម្តុំព្រៃធម្មជាតិ ខាងជើងទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីប៉ុន្មានខែមុននេះ តាមគោយន្តកន្ត្រៃមកស្តុកទុកក្បែរដីក្រុមហ៊ុន សង្ស័យរង់ចាំឱកាសល្អដាក់បន្លំជាមួយឈើក្រុមហ៊ុនចាស់ ដែលបម្រុងនាំចេញ បន្ទាប់ពីទទួលបានច្បាប់អនុញ្ញាត (PC) រួចហើយ។ ប៉ុន្តែក្រោយពីប្រទះឃើញគំនរឈើទាំងនោះ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ជាបន្តបន្ទាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
ជាការកត់សម្គាល់របស់អ្នកសារព័ត៌មាន អំឡុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ គេសង្កេតឃើញអ្នករត់ការម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះ ប្រុស (ជាអ្នកភូមិក្របីជ្រុំ) រត់ខ្វែងដៃខ្វែងជើងរត់ធ្វើ PC នៅភ្នំពេញ ដើម្បីបំពេញតាមតម្រូវការច្បាប់ធ្វើអាជីវកម្មយកឈើខុសច្បាប់ឲ្យក្លាយជាស្របច្បាប់ បំណងយកចេញជ្រកក្រោមស្លាកក្រុមហ៊ុន “SK ឥណ្ឌា” ព្រមទាំងការស្តារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ជាដើម។
កម្លាំងសមត្ថកិច្ចចម្រុះ ចុះរឹបអូសឈើទាំងនេះ ដោយហាមមិនឲ្យអ្នកសារព័ត៌មាន ចូលទៅផ្តិតយករូបភាពឡើយ។ បញ្ហានេះ ត្រូវបានចោទជាសំណួរថា តើមូលហេតុអ្វីបានជាសមត្ថកិច្ច មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលទៅយកព័ត៌មាន ដែលមានកម្លាំងសមត្ថកិច្ចចម្រុះ និងព្រះរាជអាជ្ញា ទៅជាមួយផងដែរ? ឬសង្ស័យខ្លាចបាត់ផលប្រយោធន៍ធំ?បឋម