ប្រភពដែលស្និទ្ធនឹងលោក ចាន់ សំបូរ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានរថយន្តធំៗដឹកជញ្ជូន ទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧អា ពីច្រកត្រពាំ ងស្រែ ចូលមកក្រុងក្រចេះ ក៏ដូចជាមាន រថយន្តឈ្មួញដឹកជញ្ជូនផលកសិកម្ម ចេញទៅស្រុកយួនតាមច្រក ត្រពាំងស្រែ ជាច្រើន គ្រឿងហើយ ក្លាយទៅជាប្រភពចំណូលរបស់លោក ចាន់ សំបូរតែម្តង។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះមានរថយន្តរបស់មន្ត្រីគយខេត្តក្រចេះ ២គ្រឿងត្រូវបានគេយកទៅដាក់នៅចំណុចកែងខ្លាស្ទុះ និងកែងផ្លូវក្នុងស្រុកស្នួល ដើម្បីកាក់រថយន្តដឹកទំនិញចេញពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ រថយន្តរបស់មន្ត្រីគយទាំង២គ្រឿងនោះកាក់គ្រប់រថយន្តដឹកទំនិញដែលបើកបរឆ្លងកាត់ក្រុងក្រចេះ ឆ្ពោះទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ហើយគាបយកលុយពីម្ចាស់រថយន្តដឹកទំនិញតាមអំពើចិត្ត។
ប្រភពពីមន្ត្រីគយនិងសមត្ថកិច្ចគយក្នុងខេត្តក្រចេះ មួយចំនួនបានបង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះលោក ចាន់ សំបូរ បានពង្រាយកម្លាំងមន្ត្រីគយចល័តនៅលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីក្រុមឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះស្រេចតែអំពើចិត្តដោយយកលេសថាប្រមូលពន្ធជូនរដ្ឋឲ្យបានគ្រប់ផែនការ។ តាមពិតគឺលោក ចាន់ សំបូរ ប្រើគ្រប់វិធីដើម្បីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម ហើយប្រភពខ្លះបានឲ្យដឹងថា ទំនងលោក ចាន់ សំបូរ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តក្រចេះ ទើបកំពុងខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់។.
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា ការដែលលោក ចាន់ សំបូរ ចាត់តាំងឲ្យមន្ត្រីគយចល័តធ្វើសកម្មភាពគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តក្រចេះ គឺជាវិធីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនតាមរបៀបពុករលួយ ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យឡើងវិញចំពោះសកម្មភាពមិនប្រក្រតីរបស់លោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ ក្នុងការដាក់ពង្រាយកម្លាំងគយចល័តលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីឈ្មួញតាមរបៀបពុករលួយយ៉ាងគឃ្លើន។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវនោះ គួរចាត់វិធានការទប់ស្កាត់សកម្មភាពនៃអំពើពុករលួយរបស់មន្ត្រីគយចល័តខេត្តក្រចេះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ចាន់ សំបូរ មេគយខេត្តក្រចេះជាបន្ទាន់។បឋម