ប្រភពពីមន្ត្រីអាវុធហត្ថក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា រឿងអាស្រូវពុករលួយ របស់លោក សាក់ សារ៉ាង ត្រូវ បានលាតត្រដាង ជាបន្តបន្ទាប់ព្រោះលោក សាក់ សារ៉ាង បានប្រើតួនាទីរបស់ខ្លួនដើម្បី ប្រមូលលុយតាម របៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ ក្រុមឈ្មួញដឹកជញ្ជូនឈើនិង ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិ លេខ៥ ខេត្ត កំពង់ឆ្នាំង ត្រូវបង់លុយតាមការកំណត់របស់មន្ត្រីអាវុធហត្ថដែលជាបក្ខពួករបស់លោក សាក់ សារ៉ាង បើមិនដូច្នេះទេត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃ។ តាមបណ្តោយ ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ក្នុងមួយយប់ៗមានរថយន្តដឹកជញ្ជូនឈើឆ្លងកាត់ជាច្រើនគ្រឿងនិងមានរថយន្តដឹកទំនិញ ដឹកមាន់ ដឹកជ្រូក ដឹកគោក្របី ឆ្លងកាត់យ៉ាងពេញបន្ទុកផងដែរ ហើយក្លាយទៅជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់លោក សាក់ សារ៉ាង ព្រមទាំងបក្ខពួក។ ដូច្នេះថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេសមិនគួរបណ្ដែតបណ្ដោយឲ្យលោក សាក់ សារ៉ាង និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ ព្រោះមួយរយៈចុងក្រោយនេះលោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងពេលនៅធ្វើជាមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីទៅទៀត។
តាមប្រភពពីមន្ត្រីអាវុធហត្ថក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ថែមទាំងមិនញញើតអង្អភាពប្រឆាំងអំពើពុករលួយទៀតផង។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង យ៉ាងពេញបន្ទុកហើយក្នុងមួយខែៗលោក សាក់ សារ៉ាង និងបក្ខពួកប្រមូលលុយបានមិនតិចជាង៣ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារនោះទេ?។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ើបអង្កេតទៅលើទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ជាបន្ទាន់ដើម្បីកុំឲ្យពួកគេប្រើតួនាទីនិងអំណាចធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។
ប្រភពដែលស្និទ្ធនឹងលោក សាក់ សារ៉ាង បានឲ្យដឹងថា ឥឡូវនេះថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេសកំពុងបញ្ជូនមន្ត្រីអធិការកិច្ចទៅខេត្តកំពង់ឆ្នាំង ដើម្បីបើកការស៊ើបអង្កេតទៅលើទង្វើមិនប្រក្រតីរបស់លោក សាក់ សារ៉ាង ព្រមទាំងបក្ខពួកផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ការស៊ើបអង្កេតនេះបានកើតមានក្រោយពេលរឿងអាស្រូវច្រើនបែបច្រើនយ៉ាងរបស់លោក សាក់ សារ៉ាង ត្រូវបានបើកកកាយជាបន្តបន្ទាប់ជាពិសេសទាក់ទងទៅនឹងការប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ ក្នុងនោះស្នាក់ការសន្តិសុខអាវុធហត្ថតាមបណ្ដោយផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ត្រូវបានគេដឹងថាជាទីតាំងដែលលោក សាក់ សារ៉ាង បើកដៃឲ្យកូនចៅក្រោមឱវាទគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើ ក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង តាមអំពើចិត្ត។(មានត)