ប្រភពពីប្រជាពលរដ្ឋក្នុង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថាឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន រក ស៊ីដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះ រកានិងព្រៃឡង់ ខេត្តព្រះវិហារ យូរឆ្នាំមកហើយមិន ដែលមានសមត្ថកិច្ចណាប៉ះ ពាល់នោះទេ។ ទន្ទឹមនឹងនេះសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន តែងតែចំណាយលុយរត់ការបើកផ្លូវជាមុនទើបអាចដឹកជញ្ជូនឈើមកដល់គោលដៅយ៉ាងរលូន ហើយសមត្ថកិច្ចខ្លះគឺជាអ្នកជួយសម្របសម្រួលទៀតផងដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយមិនគិតពីសេចក្ដីវិនាសនៃព្រៃព្រះរកានិងព្រៃឡង់នោះទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងខេត្តកំពង់ធំ កំពុងក្លាយជាខ្នងបង្អែករបស់ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន អាចប្រមូលទិញឈើពីតំបន់ព្រៃព្រះរកានិងព្រៃឡង់ ក្នុងខេត្តព្រះវិហារ ដឹកចូលមកខេត្តកំពង់ធំ យ៉ាងរលូនគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ព្រៃព្រះរកានិងព្រៃឡង់ ក្នុងខេត្តព្រះវិហារ ក៏ដូចជាព្រៃឡង់ក្នុងខេត្តកំពង់ធំ រងការបំផ្លាញយ៉ាងពេញបន្ទុក។ បច្ចុប្បន្នឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ប្រមូលទិញឈើពីតំបន់ព្រៃព្រះរកានិងព្រៃឡង់ ដឹកជញ្ជូនចូលមកចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ធំ ហើយឃុបឃិតជាមួយមន្ត្រីពុករលួយធ្វើយ៉ាងណាឲ្យឈើទាំងនោះក្លាយទៅជាឈើស្របច្បាប់។
ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញ២នាក់ប្ដីប្រពន្ធ គឺប្ដីឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងបន្តសកម្មភាពបំផ្លាញព្រៃព្រះរកានិងព្រៃឡង់ យ៉ាងមហន្តរាយព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន មានទីលំនៅក្នុងភូមិថ្នល់ដែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅតែដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ដោយគ្មានញញើតអ្វីទាំងអស់។ ការដែលឈ្មួញទាំង២នាក់នេះអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ជាខ្នងបង្អែកយ៉ាងរឹងមាំ។
បើតាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ទេនោះគឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន មិនអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ បានឡើយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានចាត់ទុកឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ ហេតុនេះហើយទើបពួកគេបណ្ដោយឲ្យឈ្មួញទាំង២នាក់ប្ដីប្រពន្ធនេះ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ក្នុងមួយថ្ងៃៗឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដឹកឈើតាមរថយន្តយីឌុបឬរថយន្តភ្លៅ៥ពី៥ទៅ៦គ្រឿងចូលមកខេត្តកំពង់ធំ ដោយគ្មានមន្ត្រីជំនាញឬក៏សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឈ្មួញទាំង២នាក់នោះឡើយ។(មានត)