មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា មួយរយៈកន្លងទៅនេះដោយសារអាង មានលោក ហេង សំបូរ មេគយខេត្តកំពត ជាខ្នងបង្អែករឹងមាំ ទើបលោក ញ៉ែម សេង ហ៊ានឃុបឃិតបើកដៃ ឲ្យឈ្មួញនាំ ចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកព្រែកចាក កាន់តែច្រើន ឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រែកចាក បង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ញ៉ែម សេង យ៉ាងរលូនតែម្តង។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ញ៉ែម សេង មេគយច្រកព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេហើយគួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហេង សំបូរ មេគយខេត្តកំពត ផងដែរ។ ដោយហេតុថាប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ទេនោះគឺលោក ញ៉ែម សេង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តខ្លួនឡើយ ហើយដោយសារលោក ហេង សំបូរ មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបហ៊ានបើកដៃឲ្យលោក ញ៉ែម សេង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ។
ថ្មីៗនេះប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានបង្ហើបឲ្យដឹងថាលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកនេះ ប្រព្រឹត្តអំពើពុករលួយកាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយខេត្តកំពត មួយចំនួនបានឲ្យដឹងថា ការដែលលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកព្រែកចាក ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានលោក ហេង សំបូរ មេគយខេត្តកំពត ជាខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ដែលមានលោក ហេង សំបូរ មេគយខេត្តកំពត ជាអ្នកនៅពីក្រោយខ្នងផងដែរ។
ប្រភពដែលស្និទ្ធនឹងលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកព្រែកចាក បានឲ្យដឹងថា បច្ចុប្បន្នលោក ញ៉ែម សេង ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះលោក ញ៉ែម សេង និងបក្ខពួកបែរជាគាបសង្កត់ជំរិតយកលុយពីអាជីវករនិងពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចកាន់តែខ្លាំងឡើងៗដោយពុំមានការយោគយល់ទាល់តែសោះ។ ប្រការនេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក ញ៉ែម សេង ត្រូវបានបើកកកាយជាបន្តបន្ទាប់ ជាពិសេសទាក់ទងទៅនឹងករណីគាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។បឋម