លោកស្រី​ មិថុនា​ ភូថងអភិបា​លខេត្តកោះ​កុងចាត់​វិធានការទ​ប់ស្កាត់បទល្មើស​​ទន្ទ្រានកា​ន់កាប់​ដីព្រៃកោង​កាងក្នុង​ឃុំស្រែអំបិល​ លោក​ ម៉េង​​ តិចជាមេ​ខ្លោង

By | October 1, 2018

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​ឃុំ​ស្រែអំបិល  ស្រុក​ស្រែក​អំបិល ខេត្តកោះកុង  បាន​ឲ្យ​ដឹងថា  អ្នក​ដែល​ធ្វើ​សកម្ម ភាព​ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង ​ក្នុង​ឃុំ​ស្រែអំបិល ខ្លាំងក្លា​ជាង គេ​គឺ​ឈ្មោះ សន សី ដែលជា​អនុប្រធាន​ បរិស្ថាន​ស្រុក ស្រែ​អំបិល​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀត ថា​ឈ្មោះ សន សី ដែលមាន​ ការឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក ម៉េង តិច ប្រធាន​បរិស្ថាន​ស្រុកស្រែ​អំបិល បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​កាប់​ព្រៃកោងកាង​លើកោះឡា​យ​សំ​ប៊ូ ទល់មុខ​ព្រែក​ព្រាំ​ង ភូមិ​ចំការ​ក្រោម ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ដោយ​ក្នុង​មួយ​ហិកតា​ទទួលបាន​ប្រាក់កម្រៃ​២០០​ដុល្លារ​ឬ​៨០​ម៉ឺន​រៀល​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រែអំបិល បាន​ឲ្យ​ដឹងថា ការដែល​លោក សន សី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក ម៉េង តិច ប្រធាន​បរិស្ថាន​ស្រុកស្រែ​អំបិល និង​ពី​សំណាក់​លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ផងដែរ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកោះកុង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​ក្នុង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​រួចទៅហើយ​

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ករណី​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​នៅក្នុង​ភូមិ​ចំការ​ក្រោម ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉េង តិច ប្រធាន​បរិស្ថាន​ក្នុងស្រុក​ស្រែអំបិល តែម្តង​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉េង តិច ជា​ប្រធាន​បរិស្ថាន​ស្រុកស្រែ​អំបិល និង​ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ទេនោះ​គឺ​គ្មាន​ជនល្មើស​ណា​ហ៊ាន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​ក្នុង​ឃុំ​ស្រែអំបិល នាពេល​កន្លងមក​នោះទេ​។ ទន្ទឹមនឹងនេះ​មន្ត្រី​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ម៉េង តិច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក ម៉ម ផល្លា ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ថ្មីៗ​នេះ​មាន​អភិបាលរង​ខេត្តកោះកុង ម្នាក់​និង​លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​កន្លែង​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​ក្នុង​ឃុំ​ស្រែអំបិល ស្រុក​ស្រែក​អំបិល ខេត្តកោះកុង​។ ក៏ប៉ុន្តែ​ប្រតិបត្តិការ​នោះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ក្រុមការងារ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ម្នាក់ គ្រាន់តែ​ទៅដល់​កន្លែង​កើតមាន​បទល្មើស​តែមួយ​ភ្លែត​ក៏​វិលត្រឡប់​ទៅវិញ ហើយ​លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានគេច​វេះ​មិន​បំភ្លឺ​ដល់​អ្នកសារព័ត៌មាន​នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង អំពាវនាវ​ឲ្យ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​ក្នុង​ឃុំ​ស្រែអំបិល ជាបន្ទាន់​ហើយ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​គួរ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ផងដែរ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *