ខេត្តស្វាយរៀង៖ ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង គឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នោះឡើយ។ ផ្ទុយទៅវិញលោក ហេង សំបូរ កំពុងតែក្លាយជាបង្អែករឹងមាំរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង។ ដូច្នេះហើយទើបលោក ឃុត សាលីន នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកដូចមុនដដែល។
ប្រភពពីមន្រ្តីនៅច្រកបុសមន បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ឃុត សាលីន ទេនោះគឺឈ្មួញធំៗ មិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន បានឡើយ។ ទន្ទឹមនឹងនេះការដែលលោក ឃុត សាលីន អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការរួមដៃពីលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ដែលល្បីល្បាញខាងពុករលួយផងដែរ។ ប្រការនេះហើយទើបឈ្មួញធំៗអាចនាំចូលទំនិញតាមច្រកបុសមន យ៉ាងរលូនហើយលោក ឃុត សាលីន គាបយកលុយពីប្រជាពលរដ្ឋក៏ដូចជាឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួនតាមច្រកនេះស្រេចតែអំពើចិត្ត។
ប្រភពស្និទ្ធនឹងលោក ឃុត សាលីន បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺលោក ឃុត សាលីន មិនអាចបន្តប្រើអំណាចនិងតួនាទីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តទៀតទេ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ឃុត សាលីន មេគយច្រកបុសមន ធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្តែងបច្ចុប្បន្នឈ្មួញនៅតែនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកព្រោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន នោះទេ៕