បន្ទាយមានជ័យ៖ ប្រភពពីមន្រ្តីគយក្នុងខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ញឹក ប៊ុនលេខ អាចកាន់តំណែងជាមេគយច្រកទ្វារតំបន់បឹងត្រកួន ឡើងដុះស្លែហើយប្រព្រឹត្តអំពើពុករលួយពេញទំហឹង។
ប្រភពបានឲ្យដឹងទៀតថា មេៗគយនៅក្នុងខេត្តបន្ទាយមានជ័យ មិនហ៊ានប៉ះពាល់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នោះទេព្រោះអំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ជាប្រភពចំណូលរបស់មេគយធំៗក្នុងអគ្គនាយកដ្ឋានគយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះបច្ចុប្បន្នលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នៅតែល្បីល្បាញរឿងពុករលួយខ្លាំងជាងមុនទៅទៀត។
ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នៅតែប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន បានឲ្យដឹងថា មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ញឹក ប៊ុនលេខ ធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតលោក គុណ ញឹម អគ្គនាយកគយ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នៅឡើយទេ។
ប្រភពស្និទ្ធនឹងលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន បានឲ្យដឹងថា ឈ្មួញធំៗច្រើននាក់នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន យ៉ាងពេញបន្ទុក។ ការដែលឈ្មួញទាំងនោះអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅគឺមានការឃុបឃិតជាមួយក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ និងគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ។ ជាងនេះទៅទៀតតាមច្រករបៀង ក្បែរៗច្រកទ្វារតំបន់បឹងត្រកួននៅតែមានឈ្មួញនាំចូលទំនិញខុសច្បាប់និងទំនិញគេចពន្ធយ៉ាងគឃ្លើនព្រោះមានការបើកដៃពីលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធ។