ភ្នំពេញ៖ មួយថ្ងៃក្រោយកិច្ចប្រជុំរវាងរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ជាមួយអភិបាលរាជធានីខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត រួចមក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ អភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ តាមសេចក្តីសម្រេច ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន និងអភិបាលរងរាជធានីភ្នំពេញ ទាំង ៦រូប ជាអនុប្រធាន។
ក្នុងសេចក្តីសម្រេចដដែល ក៏បានបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាជំនួយការដក់ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដែលមានសមាសភាព តាមរដ្ឋបាលខណ្ឌទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដឹកនាំដោយអភិបាលខណ្ឌនិមួយៗ មានអភិបាលរងខណ្ឌ ជាអនុប្រធាន ព្រមទាំងសមាជិក ជានាយករដ្ឋបាលសាលាខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យអប់រំខណ្ឌ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចៅសង្កាត់ នាយក-នាយិកាគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈក្នុងខណ្ឌ និងតំណាងគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ក្នុងខណ្ឌ។
សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំផ្ទាល់មាត់ឲ្យរដ្ឋមន្ត្រីអប់រំ ប្រជុំពិភាក្សាជាមួយអភិបាលរាជធានីខេត្តទូទាំងប្រទេស រៀបចំបើកសាលារៀនឡើងវិញ ពិសេសនៅកន្លែង ដែលមិនមានឆ្លងកូវីដ១៩ ហើយយ៉ាងហោចណាស់ ក៏សាលារៀននៅជនបទ ដែលមិនមានឆ្លងកូវីដ អាចបើកបង្រៀន និងរៀនឡើងវិញ។ ចំណែកកន្លែង ដែលមានឆ្លងកូវីដ នៅទីប្រជុំជន ឬនៅរាជធានីភ្នំពេញ អាចបន្តរៀនតាមអនឡាញ ឬរៀនចម្រុះ គឺរៀនដោយផ្ទាល់ផង និងរៀនតាមអនឡាញ ចែកវេនគ្នាផង។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងអប់រំ បានចេញសេចក្តីណែនាំពីការរៀនជាបណ្តុំ នៅកន្លែង ដែលមិនមានហានិភ័យឆ្លងកូវីដ១៩ ដោយក្នុង ១ថ្នាក់ មានសិស្សត្រឹម ១៥នាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រសួងអប់រំ មិនទាន់ប្រកាសថា សាលារៀនណា ត្រូវបើកទ្វារឡើងវិញ ហើយបើកទ្វារចូលរៀន នៅពេលណានៅឡើយទេ៕