ខេត្តកំពង់ស្ពី៖ តាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មកដល់ពេលនេះលោក តាប់ ម៉ាឡៃ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលអំពើពុករលួយរបស់លោក តាប់ ម៉ាឡៃ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នៅឡើយទេ។
បើតាមការបញ្ជាក់ពីមន្រ្តីរាជការក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា អំពើពុករលួយរបស់លោក តាប់ ម៉ាឡៃ គឺមិនចាញ់អំពើពុករលួយរបស់លោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នោះទេ។ ប៉ុន្តែលោក លៀម ប៊ុនរឿន និងលោក នួន ប៉ុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការតាមផ្លូវច្បាប់រួចទៅហើយ ចំណែកលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នៅតែគេចផុតពីការស៊ើបអង្កេត។ ប្រការនេះហើយទើបលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដីទើបលោក តាប់ ម៉ាឡៃ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។ មនុស្សជំនិតៗនិងសាច់ញាតិរបស់លោក តាប់ ម៉ាឡៃ សុទ្ធតែកាន់តំណែងសំខាន់ៗនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ហើយប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងដោយមិនខ្លាច លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតចាត់វិធានការតាមផ្លូវច្បាប់ឡើយ៕