ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នៅឡើយទេ។ ផ្ទុយទៅវិញលោក ឱម យ៉ិនទៀង បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងលោក សេង សុខណាក់ អនុប្រធានមន្ទីរទទួលបន្ទុកពិនិត្យឯកសារ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។ សូម្បីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងមន្រ្តីជំនិតៗខ្លះធ្វើអ្វីៗតាមអំពើចិត្តរបស់ពួកគេដដែល។
តាមពីប្រភពស្និទ្ធនឹងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ចេង ស្រុង អាចពង្រឹងបណ្តាញពុករលួយដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនោះការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដែលមានភាពមិនប្រក្រតីឲ្យអ្នកមានលុយអ្នកមានអំណាចត្រូវបានគេដឹងថា ជាប្រភពចំណូលដ៏សំខាន់របស់លោក ចេង ស្រុង និងមន្រ្តីជំនិតៗខ្លះរបស់លោក។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ តទៅទៀតឡើយ។
បើតាមការបញ្ជាក់ពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នៅពេលនេះគឺខ្លាំងក្លាជាងអំពើពុករលួយរបស់លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ទៅទៀត។ ប៉ុន្តែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បែរជារក្សាភាពស្ងៀមស្ងាត់ មិនទាន់បើកការស៊ើបអង្កេតណាមួយទៅលើលោក ចេង ស្រុង នៅឡើយទេ។ ដូច្នេះហើយទើបលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំ ហើយមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ កំពុងតែក្លាយទៅជាអាជីវកម្មសម្រាប់លោក ចេង ស្រុង រកចំណូលមានបានផ្ទាល់ខ្លួនយ៉ាងរលូន៕