នៅតាមច្រករបៀងតំបន់៥ ឃុំអូរបីជាន់ ឈ្មួញសម្រុកនំាចូលទំនិញគេចពន្ធម៉ាសេរី?

By | September 2, 2021

ខេត្តបន្ទាយមានជ័យ៖ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេសសៀម តាមច្រករបៀងតំបន់៥ ដែលគ្រប់គ្រងដោយយោធាកងការពារព្រំដែនគោកលេខ៥០៣ យ៉ាងពេញបន្ទុក។ ចំណែកប្រភពពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអូរបីជាន់ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីសមត្ថកិច្ចយោធានៅច្រករបៀងតំបន់៥ និងសមត្ថកិច្ចពាក់ព័ន្ធទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធតាមច្រកនេះបាន។ ប្រភពបានឲ្យដឹងទៀតថា ច្រករបៀងតំបន់៥ គ្រប់គ្រងដោយយោធាកងការពារព្រំដែនលេខ៥០៣ ដែលមានលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជាការ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់យោធភូមិភាគ៥ ដែលមានលោកឧត្តមសេនីយ៍ឯក ឯក សំអូន ជាមេបញ្ជាការ។

បើតាមប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ទេនោះគឺមន្រ្តីយោធាប្រចាំច្រករបៀងតំបន់៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មិនហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសសៀមតាមអំពើចិត្តឡើយ។ បញ្ហានេះលោក ឯក សំអូន មេបញ្ជាការយោធាយោធភូមិភាគ៥ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គួរពិនិត្យឡើងវិញខ្លះផង។ ដោយហេតុថា បច្ចុប្បន្នក្នុងមួយថ្ងៃៗឈ្មួញនាំចូលទំនិញគេចពន្ធជាច្រើនរថយន្តតាមច្រករបៀងតំបន់៥ ហើយឈ្មួញមួយចំនួនបានបង្កើតទីតាំងរក្សាទុកទំនិញនៅក្បែរប៉ុស្តិ៍ច្រករបៀងតំបន់៥ តែម្តង។

ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្រ្តីយោធានៅច្រករបៀងតំបន់៥ និងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនបានទំនិញពីប្រទេសសៀម ឆ្លងចូលទឹកដីខ្មែរតាមច្រកនេះយ៉ាងរលូន។ ក្នុងនោះមន្រ្តីយោធាប្រចាំច្រករបៀងតំបន់៥ តែងតែប្រើឈ្មោះលោក ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៣ ដើម្បីការពារទង្វើរបស់ពួកគេហើយបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទាំងថ្ងៃទាំងយប់។ មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអុរបីជាន់ បានលើកឡើងថា ករណីឈ្មួញនាំទំនិញគេចពន្ធចូលតាមច្រករបៀងតំបន់៥ មានការកើនឡើងយ៉ាងគំហុកព្រោះមន្រ្តីអាជ្ញាធរនិងមន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យប្រហែលដេកលក់អស់ហើយបានជាមិនដឹងយ៉ាងនេះ? ៕

 

Leave a Reply

Your email address will not be published. Required fields are marked *