ប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មោះ ហេង ម្ចាស់កាស៊ីណូ គ្មាន ស្លាកយី ហោនៅច្រកដា ហៅច្រកដូង៧ដើម ឃុំដា ស្រុកមេមត់ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងស្នងការ នគរបាលខេត្តត្បូងឃ្មុំ មិនចាត់ វិធានការទប់ ស្កាត់ករណីបុគ្គលឈ្មោះ ហេង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ។ ដូច្នេះហើយទើបប្រ ជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីនិត្យ ឡើងវិញ ជាបន្ទាន់អំពីបញ្ហានេះហើយចាត់វិធានការទប់ស្កាត់ផងដែរ។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុង១ថ្ងៃៗមានពលរដ្ឋខ្មែរចូលលេងល្បែង បញ្ជល់មាន់បៀអាប៉ោង យូគីនិងល្បែងស៊ីសងច្រើនប្រភេទទៀតក្នុងកាស៊ីណូនៅច្រកដា រាប់រយរាប់ពាន់នាក់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។ ប្រភពខ្លះសង្ស័យថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងស្នងការនគរបាលខេត្តត្បូងឃ្មុំ ទទួលបានផលប្រយោជ ន៍ពីឈ្មោះ ហេង ម្ចាស់កាស៊ីណូគ្មានស្លាកយីហោនៅច្រកដា ហៅច្រកដូង៧ដើម នោះដែរទើបបណ្តោយឲ្យបុគ្គលនោះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ប្រសិនបើមិនជាប់ពាក់ព័ន្ធផលប្រយោជន៍ទេគឺមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនបណ្តោយឲ្យបុគ្គលឈ្មោះ ហេងធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ ព្រោះជាការបំពានច្បាប់យ៉ាងគឃ្លើនបំផុត។
ប្រជាពលរដ្ឋបានកត់សម្គាល់ថា ចាប់តាំងពីបុគ្គលឈ្មោះ ហេង បើកល្បែងស៊ីសងនៅកាស៊ីណូច្រកដា ចៅច្រកដូង៧ដើម ហើយបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូនគឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទប់ស្កាត់សកម្មភាពរបស់បុគ្គលឈ្មោះ ហេហ ជាបន្ទាន់។ មជ្ឈដ្ឋាននានាបានរិះគន់ថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងមេបញ្ជាករកងរាចអាវុធហត្ថខេត្តត្បូងឃ្មុំ មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ ហើយបែរជាបណ្តោយ ឲ្យល្បែងស៊ីសងរាលដាលយ៉ាងខ្លាំងនៅក្នុងស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក។