ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពដូចជា សាច់មាន់ ស្លាបមាន់ ជើងមាន់ ជង្គង់មាន់ និងប្រហិតច្រើនប្រភេទត្រូវបានលោក កែវ សារ៉ាត់ ឃុបឃិតឲ្យឈ្មួញនាំចូលជាច្រើនតោនក្នុងមួយថ្ងៃៗ។ ការដែលលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយសុខស្រួល។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ខ្លះផង។ ដោយហេតុថា ចាប់តាំងពីអំឡុងចុងខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះលោក ឈុន សុភមង្គល កំពុងបង្ហាញស្នាដៃខ្លាំងក្លាខាងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះលោក ឈុន សុភមង្គល បានចាត់ទុកក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ ក៏ដូចជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់ និងតាមច្រកជប់គគីរ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើតាមការបង្ហើបពីមន្ត្រីគយនៅខេត្តឧត្ដរមានជ័យ មួយចំនួនបានឲ្យដឹងថា ចាប់តាំងពីលោក ឈុន សុភមង្គល ទទួលបានតំណែងជាមេគយខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺលោក ឈុន សុភមង្គល មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ។ ផ្ទុយទៅវិញលោក ឈុន សុភមង្គល យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពដែលស្និទ្ធនឹងលោក ឈុន សុភមង្គល បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ឈុន សុភមង្គល ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា លោក គួន សុភាព ប្រធានការិយាល័យគយច្រកអូរស្មាច់ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល ព្រោះអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ជាបង្អែកដ៏រឹងមាំ។ ជាមួយគ្នានេះប្រធានការិយាល័យនៅច្រកជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ក៏ឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកផងដែរ ព្រោះមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ដែលជាចៅហ្វាយនាយរបស់ខ្លួន។ ប្រភពពីមន្ត្រីគយក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងទៀតថា អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈុន សុភមង្គល ក៏មានជាប់ពាក់ព័ន្ធនឹងមេគយចល័តក្នុងខេត្ឧឧត្ដរមានជ័យ ផងដែរ ដោយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយយ៉ាងរលូន។ បញ្ហានេះជារឿងដែលលោក គុណ ញឹម ដែលជាមេគយធំ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក ឈុន សុភមង្គល កំពុងសាងភាពល្បីល្បាញយ៉ាងខ្លាំងខាងពុករលួយ។(មានត)