ប្រភពពីប្រជាពលរដ្ឋក្នុងភូមិ១ ឃុំទំនប់រលក បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះក្រុមហ៊ុនហ្វាយអិលភីគ្រុប បានប្រើគ្រឿងចក្រប្រមាណជាង១០គ្រឿងធ្វើសកម្មភាពឈូសឆាយដីឆ្នេរសមុទ្រ ហើយចាក់ដីលុបឆ្នេរសមុទ្រនៅចំណុចថ្មធំយ៉ាងកំរោលដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនហ្វាយអិលភីគ្រុប មិនត្រឹមតែទន្ទ្រានកាន់កាប់ដីឆ្នេរសមុទ្ររបស់រដ្ឋប៉ុណ្ណោះទេ គឺបានបំពានលើដីធ្លីប្រជាពលរដ្ឋច្រើនគ្រួសារនៅក្នុងភូមិ១ ទៀតផងព្រោះម្ចាស់ក្រុមហ៊ុននេះ អាងមានខ្នងបង្អែករឹងមាំ។ ជាក់ស្ដែងអភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា ក៏ដូចជាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មិនចាត់វិធានការទប់ស្កាត់សកម្មភាពក្រុមហ៊ុនហ្វាយអិលភីគ្រុប ចាក់ដីលុបឆ្នេរសមុទ្រនៅចំណុចថ្មធំ ភូមិ១ ឃុំទំនប់រលកនោះទេ ហើយទុកឲ្យក្រុមហ៊ុននោះធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីក្រុមហ៊ុនហ្វាយអិលភីគ្រុប ចាក់ដីលុបឆ្នេរសមុទ្រនៅចំណុចថ្មធំ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ យ៉ាងគឃ្លើននោះ មិនទាន់ត្រូវបានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាប្រធានមន្ទីរពាក់ព័ន្ធទេនោះ គឺលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់ជាមិនខាន។ ប៉ុន្តែដោយសារមានការឃុបឃិតជាប្រព័ន្ធទើបក្រុមហ៊ុនហ្វាយអិលភីគ្រុប ហ៊ានធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រដែលជាដីរដ្ឋនិងបំពានលើដីធ្លីប្រជាពលរដ្ឋក្នុងភូមិ១ ឃុំទំនប់រលក យ៉ាងកំរោលដូចសព្វថ្ងៃនេះ។
មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ចាប់តាំងពីលោក គួច ចំរើន ទទួលបានតំណែងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន រួចមកគឺសកម្មភាពក្រុមឈ្មួញឬក្រុមហ៊ុនចាក់ដីលុបឆ្នេរសមុទ្រ ឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅតែកើតឡើងយ៉ាងអនាធិបតេយ្យដូចមុនដដែល។ ជាការពិតថ្មីៗនេះក្រុមហ៊ុនហ្វាយអិលភីគ្រុប បានធ្វើសកម្មភាពឈូសឆាយដីឆ្នេរសមុទ្រចាក់ដីលុបឆ្នេរសមុទ្រនៅចំណុចថ្មធំ ឃុំទំនប់រលក ស្រុកស្ទឹងហាវ យ៉ាងគឃ្លើន ហើយទាំងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ នាំគ្នាដេកលក់ស្ងាត់ឈឹង។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់។មានត