ប្រភពដែលស្និទ្ធនឹងលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកកែវផុស កាន់តែច្រើនឡើងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះលោក ហេង សំហៃ ប្រើតួនាទីនិងអំណាចរាប់ក្បាលរថយន្តដឹកទំនិញរបស់ឈ្មួញយកលុយតាមអំពើចិត្តរហូតដល់ឈ្មួញខ្លះអត់ធ្មត់តទៅទៀតលែងបាន ក៏បើកកកាយរឿងអាស្រូវពុករលួយរបស់លោក ហេង សំហៃ ជាបន្តបន្ទាប់។ ប្រភពពីមន្ត្រីនៅច្រកកែវផុស បានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងគឃ្លើនបំផុត។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅកំពង់ផែកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា ឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកកំពង់ផែកែវផុស កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកកំពង់ផែកែវផុស សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា ករណីលោក ហេង សំហៃ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗតាមកំពង់ផែកែវផុស ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
មន្ត្រីនៅច្រកកំពង់ផែកែវផុស មួយចំនួនបានបង្ហើបឲ្យដឹងថា មានឈ្មួញធំៗច្រើននាក់ដែលរកស៊ីនាំទំនិញចូលតាមច្រកកែវផុស ក្នុងនោះមានដូចជា ឈ្មួញឈ្មោះ តាធី ឈ្មួញឈ្មោះ ហុង ឡេងហួរ ឈ្មួញឈ្មោះ ចែវី ឈ្មួញឈ្មោះ ចែហួង ឈ្មួញឈ្មោះ តាកូ និងឈ្មួញឈ្មោះ យាយស៊ី ជាដើមកំពុងរកស៊ីនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកកែវផុស យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកែវផុស មានដូចជា សំបកកង់រថយន្ត ប្រេងម៉ាស៊ីន ស្រាបៀរ ភេសជ្ជៈច្រើនប្រភេទ គ្រឿងអេឡិចត្រូនិក និងគ្រឿងសង្ហារឹមជាដើម ដោយបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស យ៉ាងសុខស្រួល ហើយលោក ហេង សំហៃ ថែមទាំងឃុបឃិតកែឯកសារបន្លំប្រភេទទំនិញដែលឈ្មួញនាំចូលដើម្បីប្រមូលផលប្រយោជន៍តាមរបៀបពុករលួយយ៉ាងរលូន។
មន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសារលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស អាងមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ដើម្បីបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន គឺលោក ហេង សំហៃ តែងប្រើឈ្មោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទន្ទេញជាប់មាត់ដើម្បីគាបសង្កត់ទៅលើក្រុមឈ្មួញនិងក្រុមអាជីវករមិនឲ្យតវ៉ាបានឡើយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ហេង សំហៃ មេគយច្រកកែវផុស ខ្លះផងព្រោះបច្ចុប្បន្នលោក ហេង សំហៃ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយ។បឋម