ប្រភពពីមន្ត្រីគយក្នុងខេត្តប៉ៃលិន មួយចំនួនបានបង្ហើបឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ យ៉ាងគឃ្លើន ហើយសូម្បីតែប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត ក៏ត្រូវលោក ទី ប៊ុនឡង់ គាបយកលុយដោយពុំមានការយោគយល់ឡើយ។ ប្រភពបានបញ្ជាក់ទៀតថា ឈ្មួញធំៗដែលអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ចេញពីខេត្តប៉ៃលិន ចូលទៅរាជធានីភ្នំពេញ យ៉ាងសុខស្រួលគឺមានការឃុបឃិតពីសំណាក់មន្ត្រីគយចល័តក្នុងខេត្តប៉ៃលិន និងមន្ត្រីគយចល័តនៅលើផ្លូវជាតិលេខ៥។ ទន្ទឹមនឹងនេះលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ តែងយកឈ្មោះមន្ត្រីធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកទន្ទេញជាប់មាត់ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន ។
ប្រភពពីមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ទី ប៊ុនឡង់ ដែលអាងមានខ្នងបង្អែករឹងមាំកំពុងបង្កើនសកម្មភាពពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា អំពើពុករលួយរបស់លោក ទី ប៊ុនឡង់ គឺការឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។ បើតាមការបង្ហើបពីមន្ត្រីគយនៅក្នុងខេត្តប៉ៃលិន មួយចំនួនបានឲ្យដឹងថា ការដែលលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ផងដែរ។
ប្រភពដែលស្និទ្ធនឹងលោក ទី ប៊ុនឡង់ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗកំពុងបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រំ កាន់តែច្រើនឡើងៗ ហើយក៏មានករណីសមត្ថកិច្ចគយឃុបឃិតជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ចំណែកលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងអគ្គនាយករងច្រើនរូបទៀតបែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធាសាខាគយខេត្តប៉ៃលិន ឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត។(មាតត)