សេចក្ដីរាយការន៍ពីប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានបញ្ជាក់ថា នៅតាមបណ្តោយផ្លូវលេខ៣០ទល់មុខស្នាក់ការអង្គការរ៉ាក់ មានជនជាតិចិនបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងសុខស្រួល។ ចំណែកសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយដង្គំ បានឲ្យដឹងថា នៅផ្លូវបាក់ខែង មានជនជាតិចិនបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងសុខស្រួល ព្រោះមន្ត្រីអាជ្ញាធរក្រុងសៀមរាប និងសមត្ថកិច្ចនគរបាលក្រុងសៀមរាប មិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងក្រុងសៀមរាប ក៏ដូចជាសមត្ថកិច្ចក្នុងក្រុងសៀមរាប ទទួលបានផលប្រយោជន៍ពីជនជាតិចិនបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាយ ទើបមិនចាត់វិធានការបង្ក្រាប។
តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងសង្កាត់គោកចក និងសង្កាត់ស្វាយដង្គំ បានឲ្យដឹងថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលជ្រកក្រោមយីហោហាងអ៊ីនធឺណេតកំពុងកើតឡើងយ៉ាងរាលដាលដោយមានបង្កប់ល្បែងស៊ីសងច្រើនប្រភេទ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ចាប់តាំងពីល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកើតឡើងយ៉ាងគំហុកក្នុងមូលដ្ឋានពួកគាត់ គឺបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច ជាពិសេសអំពើចោរកម្មនិងបទល្មើសគ្រឿងញៀនជាដើម។ ហេតុនេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប មិនគួរមើលរំលងតទៅទៀតទេ ព្រោះល្បែងស៊ីសងជ្រកក្រោមយីហោហាងអ៊ីនធឺណេត មានអ្នកចូលលេងកាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់អភិបាលខេត្តសៀមរាប និងស្នងការនគរបាលខេត្តសៀមរាប ដែលកំពុងបណ្ដោយឲ្យល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកើតឡើងយ៉ាងពេញបន្ទុកនោះទេ។
ប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់គោកចក និងសង្កាត់ស្វាយដង្គំ ក៏ដូចជាតាមបណ្ដាសង្កាត់ផ្សេងៗទៀតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានជនជាតិចិនបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញយ៉ាងគឃ្លើន។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលក្រុងសៀមរាប ក៏ដូចជាមន្ត្រីអាជ្ញាធរក្រុងសៀមរាប មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញរបស់ជនជាតិចិននោះទេ ដែលជាមូលហេតុធ្វើឲ្យបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុក។ ដូច្នេះទើបប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្នុងក្រុងសៀមរាប ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យបានប្រសើរជាងមុន។(មានត)