ថ្មីៗនេះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចប្រដាប់អាវុធបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់លើផ្ទៃបឹងទន្លេសាបក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយរឹបអូសបានវត្ថុតាងមួយចំនួនយកទៅកម្ទេចចោល និងចាក់លែងត្រីចម្រុះ១៣០គីឡូក្រាមចូលទឹកបឹងវិញផងដែរ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា វត្ថុតាងបទល្មើសនេសាទដែលសមត្ថកិច្ចចម្រុះរកឃើញរួមមានសាច់អួនក្រឡាញឹក៤ខ្សែ មានប្រវែង១១២០ម៉ែត្រ ក្បាលបចំនួន៤គ្រឿង បង្គោលចម្រឹង៨៥០ដើម របាំងស្បៃមុង១២ខ្សែមានប្រវែង១៧៥០ម៉ែត្រ ព្រមទាំងលូស្បៃមុង១៣មាត់ បង្គោលចម្រឹង៩៣០ដើម។ ប្រជានេសាទក្នុងឃុំអន្សាចំបក់ បានលើកឡើងថា ការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ គ្មានប្រសិទ្ធភាពឡើយ ព្រោះក្រុមអ្នកប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទ នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួល។
ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន បានឲ្យដឹងថា ក្នុងរដូវបិទនេសាទនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែកើតឡើងយ៉ាងរាលដាល ព្រោះការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះគ្មានប្រសិទ្ធភាពនៅឡើយទេ។ ប្រភពបានឲ្យដឹងទៀតថា យូរៗម្ដងទើបឃើញមន្ត្រីរដ្ឋបាលជលផលសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ក្រាបបទល្មើសនេសាទតូចតាច១ករណីឬ២ករណី ដើម្បីយកស្នាដៃបង្ហាញថ្នាក់លើក្នុងខណៈដែលបទល្មើសទ្រង់ទ្រាយធំនៅតែកើតមានយ៉ាងអនាធិបតេយ្យ។ បើតាមសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ តែងចាត់ទុកបទល្មើសនេសាទជាប្រភពចំណូលរបស់ខ្លួនទើបបទល្មើសទ្រង់ទ្រាយធំនៅតែបន្តកើតមានយ៉ាងរាលដាលលើផ្ទៃបឹងទន្លេសាប។
បើតាមការអះអាងរបស់ប្រជានេសាទក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះទើបតែចាត់វិធានការបង្ក្រាបបទល្មើសប្រើឧបករណ៍ខុសច្បាប់នៅក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ មួយកន្លែងប៉ុណ្ណោះ។ ចំណែកនៅតំបន់ដទៃទៀតដែលមានបទល្មើសប្រើឧបករណ៍ខុសច្បាប់យ៉ាងរាលដាលដែរនោះ មិនទាន់ឃើញមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ជាពិសេសលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទឲ្យស្របទៅតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលឡើយ។ ផ្ទុយទៅវិញលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ តែងតែឃុបឃិតឲ្យលោក ភុំ វិមល មេរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ក៏ដូចជាមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកណ្ដៀង ស្រុកក្រគរ និងស្រុកបាកាន ធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។(មានត)