ប្រភពពីអាជីវករនិងប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា មុខរបររបស់ពួកគាត់នាំចូលទំនិញពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិដូង ភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង គឺដឹកជញ្ជូនទៅលក់នៅផ្សារនាគមាស និងផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចគយច្រកទ្វារអន្តរជាតិដូង ក្រោមការគ្រប់គ្រងរបស់លោក អ៊ុំ ចាន់រតនា គាបយកលុយតាមអំពើចិត្តដោយគ្មានចេញវិក្កយបត្រត្រឹមត្រូវឡើយ។ អាជីវករខ្លះបានបញ្ជាក់ថា ពេលពួកគាត់ដឹកទំនិញពីទឹកដីសៀមឆ្លងកាត់ច្រកទ្វារអន្តរជាតិចូលមកទឹកដីខ្មែរ គឺត្រូវរត់ការឯកសារបង់លុយឲ្យសមត្ថកិច្ចសៀមនិងសមត្ថកិច្ចខ្មែរនៅច្រកនេះតាមការកំណត់ ហើយនៅពេលដឹកទំនិញចេញពីច្រកទ្វារអន្តរជាតិដូង មកដល់មុខស្នាក់ការគយនិងរដ្ឋាករច្រកដូង ពួកគាត់ត្រូវបង់លុយឲ្យមន្ត្រីគយនៅកន្លែងនេះមួយលើកទៀត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ននេះលោក អ៊ុំ ចាន់រតនា ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិដូង ប្រព្រឹត្តអំពើពុករលួយគាបយកលុយពីប្រជាពលរដ្ឋដែលនាំទំនិញចូលតាមច្រកនេះដោយគ្មានការយោគយល់ឡើយ។ ផ្ទុយទៅវិញលោក អ៊ុំ ចាន់រតនា ប្រធានស្នាក់ការគយច្រកទ្វារអន្តរជាតិដូង ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ប្រេងសាំងគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលលោក អ៊ុំ ចាន់រតនា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ។
បើតាមប្រភពដែលស្និទ្ធនឹងលោក អ៊ុំ ចាន់រតនា បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក អ៊ុំ ចាន់រតនា ប្រើតួនាទីនិងអំណាចរបស់ខ្លួនគាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីវករតូចតាចកាន់តែខ្លាំង ព្រោះអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំ។ អាជីវករខ្លះបានឲ្យដឹងថា ពួកគាត់មិនហ៊ានតវ៉ាជាមួយលោក អ៊ុំ ចាន់រតនា នោះទេព្រោះខ្លាចប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃ ហើយពួកគាត់បានត្រឹមបង្ហើបរឿងរ៉ាវនេះប្រាប់អ្នកសារព័ត៌មាន ជួយចុះផ្សាយដើម្បីបានដឹងឮដល់លោក គុណ ញឹម ជាមេគយធំនិងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប៉ុណ្ណោះ។ ក្រុមអាជីវករបានលើកឡើងទៀតថា លោក អ៊ុំ ចាន់រតនា ប្រធានស្នាក់ការគយច្រកទ្វារអន្តរជាតិដូង បានបើកដៃឲ្យលោក ជ័យ ជនតារា ដែលជាអនុប្រធានគាបយកលុយលើតុក្រោមតុពីពួកគាត់តាមរបៀបពុករលួយយ៉ាងងងើលគ្មានញញើតអ្វីទាំងអស់។ បឋម