ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសំឡូត បានឲ្យដឹងថា រថយន្តរ៉េវជាច្រើនគ្រឿងដែលសមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំបង រុករកឃើញក្នុងព្រៃនៃស្រុកសំឡូត ជាបន្តបន្ទាប់កន្លងទៅនេះនឹងត្រូវកម្ទេចចោលក្នុងពេលឆាប់ៗ។ ហេតុនេះហើយទើបប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការទៅលើម្ចាស់ក្រុមហ៊ុនរ័ត្នសម្បត្តិ ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើផងដែរ ព្រោះមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនគ្រឿងត្រូវបានរកឃើញក្នុងទីតាំងក្រុមហ៊ុនរ័ត្នសម្បត្តិ នៅឃុំតាតោក និងឃុំស៊ុង និងស្រុកសំឡូត ខេត្តបាត់ដំបង។ លើសនេះទៅទៀតលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីបរិស្ថាននៅតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ក៏មានជាប់ពាក់ព័ន្ធករណីក្រុមហ៊ុនរ័ត្នសម្បត្តិ បំផ្លាញព្រៃឈើនៅតំបនភ្នំសំកុស នោះផងដែរ ហេតុនេះថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការតាមច្បាប់មិនគួរមើលរំលងតទៅទៀតឡើយ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា រថយន្តម៉ាកបង្កុង(ម៉ាករ៉េវ) ជាច្រើនគ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ ហើយត្រូវសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបានជាបន្តបន្ទាប់នៅតំបន់ភ្នំសំកុស និងនៅក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង នឹងត្រូវកម្ទេចចោលក្នុងពេលឆាប់ៗ។ ពាក់ព័ន្ធនឹងបញ្ហានេះមជ្ឈដ្ឋាននានាបានលើកឡើងថា ការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងស្រុកសំឡូត ខេត្តបាត់ដំបង មើលទៅហាក់ដូចជាមានភាពមិនប្រក្រតី ព្រោះឈ្មួញជាម្ចាស់រថយន្តដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានសមត្ថកិច្ចលាក់បាំងអត្តសញ្ញាណពួកគេយ៉ាងប្រុងប្រយ័ត្ន។ ជាពិសេសម្ចាស់ក្រុមហ៊ុនរ័ត្នសម្បត្តិ ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងស្រុកសំឡូត ខេត្តបាត់ដំបង មិនទាន់ប្រឈមនឹងវិធានការផ្លូវច្បាប់នៅឡើយទេ បើទោះបីរថយន្តម៉ាករ៉េវជាច្រើនគ្រឿងត្រូវបានរកឃើញនៅក្នុងទីតាំងក្រុមហ៊ុនរ័ត្នសម្បត្តិ យ៉ាងណាក៏ដោយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកវាលវែង ក៏ដូចជាប្រភពពីសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ទេនោះគឺក្រុមហ៊ុនរ័ត្នសម្បត្តិ មិនអាចកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ភ្នំសំកុស ចូលទៅឃុំតាតោក និងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានឡើយ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានលើកឡើងថា ការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ភ្នំសំកុស ឃុបឃិតឲ្យក្រុមហ៊ុនរ័ត្នសម្បត្តិ បំផ្លាញព្រៃឈើយ៉ាងមហន្តរាយ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសំឡូត សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងការបិទបាំងឲ្យក្រុមហ៊ុនរ័ត្នសម្បត្តិ បំផ្លាញព្រៃឈើក្នុងតំបន់ភ្នំសំកុស យ៉ាងរាលដាល។(មានត)