មន្ត្រីគយខេត្តត្បូងឃ្មុំ ដែលស្និទ្ធនឹងលោក យឹម វណ្ណៈ បានឲ្យដឹងថា ក្រុមឈ្មួញធំៗ ដែលនាំទំនិញចូលតាម ច្រកដូង៧ ដើម ឃុំដារ ស្រុកមេមត់ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក យឹម វណ្ណៈ ក៏ដូចជាសុំការយោគយល់ ពីសំ ណាក់លោក យឹម វណ្ណៈ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពបានឲ្យដឹងទៀតថា លោក យឹម វណ្ណៈ មានអត្តលេខ៦៥២ ហើយជាមេគយច្រកដូង៧ដើម មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងដោយមិនខ្វល់ពីវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយនោះទេ។ ជាងនេះទៅទៀតលោក យឹម វណ្ណៈ តែងប្រើប្រាស់ឈ្មោះមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងសកម្មភាពនៃអំពើពុករលួយរបស់ខ្លួន ។
ប្រភពពីមន្ត្រីនៅច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក យឹម វណ្ណៈ មេគយច្រកដូង៧ដើម កំពុងបង្កើនសកម្មភាពពុករលួយយ៉ាងពេញបន្ទុកតាមរយៈការឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យឹម វណ្ណៈ មេគយច្រកដូង៧ដើម ជាបន្ទាន់។ ដោយហេតុថា កន្លងមករឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យឹម វណ្ណៈ ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ប៉ុន្តែលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់ឡើយ ហើយថែមទាំងទុកឲ្យលោក យឹម វណ្ណៈ មេគយច្រកដូង៧ដើម ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។
បើតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេលប្រមាណ៣ខែចុងក្រោយនេះទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកដូង៧ដើម បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក យឹម វណ្ណៈ យ៉ាងរលូន។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា សូម្បីតែអាជីវករនិងប្រជាពលរដ្ឋដឹកជញ្ជូនកសិផលផ្សេងៗចេញទៅស្រុកយួនតាមច្រកដូង៧ដើម ក៏ត្រូវលោក យឹម វណ្ណៈ គាបយកលុយតាមអំពើចិត្តផងដែរ ដោយគ្មានការយោគយល់បន្តិចណាឡើយ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក យឹម វណ្ណៈ មេគយច្រកដូង៧ដើម ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ ព្រោះករណីលោក យឹម វណ្ណៈ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាលតាមច្រកដូង៧ដើម ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។(មានត)