ប្រភពដែលស្និទ្ធនឹងមេឈ្មួញ តុប វីដា បានឲ្យដឹងថា កន្លងមកការដែលមេឈ្មួញ តុប វីដា អាចធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃស្រែពក គឺដោយសារអាងមានមេបញ្ជាការយោធាយោធភូមិភាគ១ ជាបង្អែករឹងមាំរបស់ខ្លួន។ ដូច្នេះហើយទើបនៅពេលដែលសមត្ថកិច្ចបង្ក្រាបមេឈ្មួញ សឹង សំអុល ព្រមទាំងបក្ខពួកហើយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី បែរជាមេឈ្មួញ តុប វីដា អាចគេចផុតពីការបង្ក្រាបយ៉ាងសុខស្រួល។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា គណៈកម្មការបង្រ្កាបនិងទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិមិនគួរមើលរំលងមេឈ្មួញ តុប វីដា នោះទេព្រោះកន្លងមកឈ្មួញរូបនេះដែលអាងស្បែកជាឧត្តមសេនីយ៍យោធា បំផ្លាញព្រៃឈើក្នុងខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានកត់សម្គាល់ថា ក្នុងខណៈដែលមេឈ្មួញ សឹង សំអុល និងបក្ខពួកត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ គឺមេឈ្មួញ តុប វីដា ដែលជាឧត្តមសេនីយ៍យោធា នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា មេឈ្មួញ តុប វីដា (ឧកញ៉ា តុប វីដា) ដែលជាឧត្តមសេនីយ៍យោធានិងជាមេបញ្ជាការរងយោធភូមិភាគ១ ល្បីល្បាញខាងបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក មិនចាញ់មេឈ្មួញ សឹង សំអុល នោះទេ។ ដូច្នេះការបង្ក្រាបតែមេឈ្មួញ សឹង សំអុល ហើយមើលរំលងមេឈ្មួញ តុប វីដា គឺមានន័យថាចំណាត់ការរបស់សមត្ថកិច្ចពុំមានតម្លាភាពនៅឡើយ ព្រោះឈ្មួញមួយចំនួននៅតែអាចគេចផុតពីវិធានការច្បាប់។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា កន្លងមកមេឈ្មួញ តុប វីដា ដែលជាឧត្តមសេនីយ៍យោធាមានខ្នងបង្អែករឹងមាំធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញ តុប វីដា ប្រើប្រាស់រថយន្តធុនធំប្រភេទវ៉េអង និងប្រភេទយីឌុប ចេញពីស្រុកកោះញែក មិនចាញ់មេឈ្មួញ សឹង សំអុល នោះទេប៉ុន្តែនៅពេលសមត្ថកិច្ចបង្ក្រាបមេឈ្មួញ សឹង សំអុល និងបក្ខពួកបែរជាមេឈ្មួញ តុប វីដា អាចគេចផុតពីការបង្ក្រាបយ៉ាងក្រអឺតក្រទម។ បើតាមនាយទាហាននិងពលទាហានក្នុងយោធភូមិភាគ១ បានឲ្យដឹងថា មេឈ្មួញ តុប វីដា មានខ្នងបង្អែករឹងមាំទើបអាចគេចផុតពីការបង្ក្រាប ហើយកំពុងរក្សាភាពស្ងៀមស្ងាត់មួយរយៈទាំងភ័យស្លន់ស្លោផងដែរ។(មានត)