ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា មន្ត្រីគយធំៗជាច្រើននាក់នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់ទុកលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ជាប្រភពចំណូលរបស់ខ្លួនទើបបណ្ដោយឲ្យលោក យី ថុល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល។ ជាក់ស្ដែងរឿងអាស្រូវពុករលួយរបស់លោក យី ថុល ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែទាំងលោក គុណ ញឹម ដែលជាមេគយធំ ព្រមទាំងអគ្គនាយករងគយជាច្រើនរូបទៀតបែរជារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក នៅតែបន្តប្រព្រឹត្តអំពើពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ច្រើនជាងមុនទៅទៀត។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យី ថុល ទេនោះគឺគ្មានឈ្មួញណាអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក យ៉ាងរលូនដូចសព្វថ្ងៃនេះឡើយ។ ទន្ទឹមនឹងនេះលោក យី ថុល តែងតែប្រើប្រាស់ឈ្មោះ លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងឈ្មោះមន្ត្រីគយធំៗមួយចំនួនដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន ។
ប្រភពដែលស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក បានឲ្យដឹងថា ការដែលលោក យី ថុល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក មេគយខេត្តកំពត ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ ឥឡូវនេះក្រោយពេលលោក យី ថុល មានការប្រឈមមុខដាក់គ្នាជាមួយអ្នកសារព័ត៌មានមួយក្រុម គឺរឿងអាស្រូវពុករលួយរបស់លោក យី ថុល មិនអាចបិទបាំងតទៅទៀតបានឡើយ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ឲ្យបានស៊ីជម្រៅព្រោះលោក យី ថុល និងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។(មានត)