ប្រភពពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក សំ ផល្លា និងលោក ជា វណ្ណៈ បានដាក់ពង្រាយកម្លាំងចាំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមរថយន្ត ក៏ដូចជាតាមម៉ូតូនៅច្រក៩៩៩៩ យ៉ាងអនាធិបតេយ្យ ជាពិសេសនៅចំណុចក្បាលស្ពានអូរឆ្លូង និងច្រកចូលតាមក្រុមហ៊ុនធីធីវ៉ាយ។ ក្នុងមួយថ្ងៃៗមានឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមម៉ូតូរាប់សិបគ្រឿងនិងតាមរថយន្តជាច្រើនគ្រឿង ដូច្នេះលោក សំ ផល្លា និងលោក ជា វណ្ណៈ ប្រមូលលុយបានយ៉ាងច្រើនពីបទល្មើសព្រៃឈើ។ ចំណែកមន្ត្រីពាក់ព័ន្ធដូចជា មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានជាដើម មិនហ៊ានប៉ះពាល់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងក្នុងឃុំក្រញូងសែនជ័យ នោះទេ ព្រោះដឹកថាលោក សំ ផល្លា មេប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក ក្រញូងសែនជ័យ ស្រុកស្នួល មានខ្នងបង្អែកយ៉ាងរឹងមាំ។ ដូច្នេះហើយទើបពួកគេរួមចំណែកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តង ព្រោះលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ មិនខ្វល់ពីរឿងបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា លោក សំ ផល្លា មេប៉ុស្ដិ៍នគរបាលព្រំដែនគោកក្រញូងសែនជ័យ ឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក សំ ផល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ជាបង្អែកដ៏រឹងមាំ។ ដូច្នេះហើយទើបលោក សំ ផល្លា បន្តឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងក្នុងឃុំក្រញូងសែនជ័យ យ៉ាងរាលដាល ហើយចាត់តាំងមន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួនឲ្យប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើមកចែកគ្នាធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត។
តាមការអះអាងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញជាច្រើននាក់នៅតែដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រក៩៩៩៩ យ៉ាងពេញបន្ទុកព្រោះពួកគេបង់លុយតាមការកំណត់របស់លោក សំ ផល្លា និងបក្ខពួកជាប្រចាំ។ ប្រសិនបើឈ្មួញណាហ៊ានគេចវេះមិនបង់លុយឲ្យលោក សំ ផល្លា និងបក្ខពួកទេនោះ គឺចៀសមិនផុតពីការបង្ក្រាបយកស្នាដៃឡើយ ហើយលោក សំ ផល្លា តែងយកឈ្មោះលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ មកការពារទង្វើរបស់ខ្លួនទៀតផង។ ទន្ទឹមនឹងនេះលោក ជា វណ្ណៈ មេបញ្ជាការយោធាគ៣ ក្នុងឃុំក្រញូងសែនជ័យ ក៏ជាប់ពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍ដូចលោក សំ ផល្លា នោះដែរ។(មានត)