មេ​ឈ្មួញអា​ងខ្នងឈ្មោះ​ ចែភក្ដិឈរជើ​ងប្រមូលទិ​ញឈើនៅស្រុ​កភ្នំក្រវាញ​ដោយសេ​រីលោក​ ឡាយ​ វិសិដ្ឋ​ប្រធា​នមន្ទីរកសិ​កម្មខេត្ត​ពោធិ៍សាត់​ជាអ្នកនៅ​ពី​ក្រោយ

By | June 14, 2019

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា លោក ពាក្យ មនោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ និង​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់ថា ករណី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​៤​នាក់​ចុះទៅ​ក្រវែល​ផ្ទះ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី នៅ​ភូមិ​ក្រូចឆ្មារ ឃុំ​លាច ស្រុក​ភ្នំក្រវាញ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ តាម​បទបញ្ជា​របស់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ​។ ដោយសារ​ថា​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី មាន​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន ហើយ​ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី មិន​អាចមាន​ឥទ្ធិពល​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ស្រុក​ភ្នំក្រវាញ យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​

 ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី នៅតែមាន​ឥទ្ធិពល​អំណាច​ខ្លាំងក្លា​ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​។ បើតាម​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី អាចឈរជើង​ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​ភ្នំក្រវាញ គឺ​ដោយសារ​អាង​មាន​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​ភ្នំក្រវាញ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី នោះទេ​ហើយ​សុខចិត្ត​សម្ងំ​ទទួលផល​ប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​លាច ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ ចំនួន​៤​នាក់​បាន​ចុះទៅ​ដល់ទី​លំនៅ​របស់​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី ក្នុងភូមិ​ក្រូចឆ្មារ ឃុំ​លាច ស្រុក​ភ្នំក្រវាញ តាម​បទបញ្ជា​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំង​៤​នាក់​គ្រាន់តែ​ទៅ​អើត​ឡឺម​ក្បែរ​ផ្ទះ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី មួយស្របក់​ក៏​វិលត្រឡប់​ទៅវិញ​ដោយ​អះអាងថា​ឈ្មួញ​រូបនេះ​មិន​នៅផ្ទះ ប៉ុន្តែ​ការពិត​គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខ្លាច​ឥទ្ធិពល​របស់​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី ដែលមាន​ខ្នងបង្អែក​រឹងមាំ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​លាច ស្រុក​ភ្នំក្រវាញ គ្មាន​ជំនឿ​លើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ព្រោះ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី តែងតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់ ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *