ប្រភពដែលស្និទ្ធនឹងលោក គឹម ឈុនលី បានឲ្យដឹងថា ការដែលលោក គឹម ឈុនលី គឺដោយសារអាងមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាខ្នងបង្អែកដ៏រឹងមាំ ហើយសូម្បីតែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏មិនហ៊ានប៉ះពាល់លោក គឹម ឈុនលី នោះឡើយ។ ជាក់ស្ដែងអ្នករត់ការឈ្មោះ ឡេង ចំរើន និងឈ្មោះ ថាំង បានសម្របសម្រួលជាមួយលោក គឹម ឈុនលី ដើម្បីឲ្យឈ្មួញច្រើននាក់ដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាដឹកជញ្ជូនទៅចែកចាយតាមដេប៉ូក្នុងខេត្តស្វាយរៀង ខេត្តព្រៃវែង យ៉ាងអនាធិបតេយ្យបំផុត។ មិនតែប៉ុណ្ណោះឈ្មួញធំៗខ្លះកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក យ៉ាងរលូនជាពិសេសនៅពេលយប់ ក្នុងខណៈដែលលោក គឹម ឈុនលី សម្ងំទទួលផលប្រយោជន៍។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញជាច្រើននាក់បានដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចូលមកចែកចាយតាមដេប៉ូក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ទៅលក់ចែកចាយតាមដេប៉ូក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង យ៉ាងរលូន។ ការដែលក្រុមឈ្មួញទាំងនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់សង្កាត់ ថ្នាក់ផ្នែក ក្នុងខេត្តត្បូងឃ្មុំ ជាពិសេសគឺពីសំណាក់លោក គឹម ឈុនលី ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ តែម្តង។ ចំណែកឈ្មួញធំៗមួយចំនួនបានដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក យ៉ាងពេញបន្ទុកព្រោះឈ្មួញឈើទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់លោក គឹម ឈុនលី និងបក្ខពួក។
មន្ត្រីក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឈ្មួញជាច្រើននាក់សម្រុកដឹកជញ្ជូនឈើពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ចូលមកចែកចាយតាមដេប៉ូច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ ហើយឈ្មួញខ្លះទៀតដឹកជញ្ជូនឈើដោយប្រើរថយន្តសាំយ៉ុង និងរថយន្តវ៉េអង រថយន្តយីឌុបធំៗទៅចែកចាយតាមដេប៉ូក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង រាប់សិបគ្រឿងក្នុងមួយយប់ៗ។ អ្នករត់ការបើកផ្លូវរថយន្តដឹកឈើទាំងនោះត្រូវបានគេដឹងថា មានឈ្មោះ ឡេង ចំរើន ដែលជាកូនរបស់លោក សៀក ឡេង ជាមន្ត្រីមានឥទ្ធិពលក្នុងខេត្តត្បូងឃ្មុំ ហើយម្នាក់ទៀតមានឈ្មោះ ថាំង ដែលជាមន្ត្រីប្រដាប់អាវុធ ល្បីខាងកាងឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ អ្នករត់ការបើកផ្លូវទាំង២នាក់នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក គឹម ឈុនលី និងមន្ត្រីក្រោមឱវាទទើបឈ្មួញអាចដឹកជញ្ជូនឈើចូលខេត្តត្បូងឃ្មុំ ក៏ដូចជាឆ្លងកាត់ខេត្តត្បូងឃ្មុំ។បឋម