ប្រភពព័ត៌មានពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក បានឲ្យដឹងថាក្រុមហ៊ុន យាន ឆាយ កំពុងកៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងព្រៃអភិរក្ស ព្រៃសហគមន៍តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ដឹកជញ្ជូនមកលក់ឲ្យខ្លួនយ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ថាថ្មីៗនេះមានគោយន្ត៩គ្រឿង ព្រមទាំងរថយន្តបង្កុង ឬរថយន្តរ៉េវ៨០គ្រៀងដឹកជញ្ជូនឈើមូលធំៗចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ចូលទៅទីតាំងក្រុមហ៊ុន យាន ឆាយ ដើម្បីអារច្រៀកជាឈើជ្រុង រួចដឹកជញ្ជូនចេញនៅពេលយប់យ៉ាងរលូន។ បើតាមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកចាំស៊ីញ៉េក្លែងឯកសារដើម្បីឲ្យឈើទាំងនោះទៅជាឈើស្របច្បាប់យ៉ាងស្រួលៗ។ ក្នុងនោះលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយក្រុមហ៊ុន យាន ឆាយ ហើយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កំពុងរក្សាភាពស្ងៀមស្ងាត់។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រៅពីឧកញ៉ាមួយចំនួនដែលសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងពេញបន្ទុកគឺក្រុមហ៊ុនចិនឈ្មោះ យាន ឆាយ ក៏បំពានកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងគំហុកដែរ។ ប្រភពពីសកម្មជនប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថាក្រុមហ៊ុន យាន ឆាយ កំពុងបន្តសកម្មភាពកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ចេញទៅស្រុកយួន ក៏ដូចជាដឹកជញ្ជូនទៅលក់ចែកចាយតាមដេប៉ូក្នុងស្រុកមួយចំនួនផងដែរ។ ការដែលក្រុមហ៊ុន យាន ឆាយ អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។
ថ្មីៗនេះមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បទបញ្ជារបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ គឺជារឿងឥតន័យព្រោះព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃស្រែពក នៅតែប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ។ កន្លងទៅថ្មីៗនេះលោក ស្វាយ សំអ៊ាង និងសមត្ថកិច្ចចម្រុះក្នុងខេត្តមណ្ឌលគិរី បានចុះពិនិត្យមើលបទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ជាបន្តបន្ទាប់ក៏ប៉ុន្តែក្រុមហ៊ុន យាន ឆាយ របស់ចិន និងមេឈ្មួញធំៗជាច្រើននាក់នៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងពេញបន្ទុកដដែល។ ជាក់ស្ដែងក្រុមហ៊ុន យាន ឆាយ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ១១០០ហិកតា ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំដោយបំពានកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងមហន្តរាយ។បឋម