ប្រភពពីឈ្មួញឈើក្នុងស្រុកភ្នំក្រវាញ មួយចំនួនបានឲ្យដឹងថា នៅពេលពួកគេដឹកឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងពីតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល មកលក់ឲ្យឈ្មួញឈ្មោះ តែម ធារ៉ា នៅក្នុងស្រុកភ្នំក្រវាញ គឺគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ព្រោះគេមានការយោគយល់ឈ្មួញឈ្មោះ តែម ធារ៉ា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ។ ជាងនេះទៅទៀតឈ្មួញឈ្មោះ តែម ធារ៉ា តែងប្រើប្រាស់ឈ្មោះលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើជាបង្អែកដ៏រឹងមាំដើម្បីឲ្យសកម្មភាពដឹកជញ្ជូនឈើរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន។ ដូច្នេះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នឈ្មួញឈ្មោះ តែម ធារ៉ា នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ តែម ធារ៉ា ដែលមានខ្នងបង្អែករឹងមាំនៅតែអាចប្រមូលទិញឈើ ស្តុកឈើ និងដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ យ៉ាងរលូន។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថាឈ្មួញឈ្មោះ តែម ធារ៉ា គឺជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ហើយមានមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ ជាបង្អែករឹងមាំទើបឈ្មួញរូបនេះអាចបន្តទិញឈើ ស្តុកឈើ និងដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក។ សូម្បីតែលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលឈ្មួញឈ្មោះ តែម ធារ៉ា ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ប្រើប្រាស់តួនាទីរបស់ខ្លួនដឹកជញ្ជូនឈើខុសច្បាប់យ៉ាងក្រអឺតក្រទម។
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកភ្នំក្រវាញ បានបង្ហើបឲ្យដឹងថា គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឈ្មួញឈ្មោះ តែម ធារ៉ា ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងនោះទេ ព្រោះមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ មួយចំនួនជាខ្នងបង្អែករបស់ឈ្មួញរូបនេះ ហើយទទួលផលប្រយោជន៍ពីឈ្មួញរូបនេះជាប្រចាំ។ ជាក់ស្ដែងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញឈ្មោះ តែម ធារ៉ា បន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងសុខស្រួល។ កន្លងមកសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ និងសមត្ថកិច្ចអាវុធហត្ថខេត្តលើផ្ទៃប្រទេស សហការគ្នាបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ ជាច្រើនករណី ក៏ប៉ុន្តែឈ្មួញឈ្មោះ តែម ធារ៉ា មិនដែលប្រឈមនឹងការបង្ក្រាបម្ដងណាឡើយ។បឋម