ចាប់តាំងពីទទួលបានតំណែងជាប្រធានការិយាល័យគយច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត រួចមកលោក យី ថុល កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យី ថុល ហ៊ានធ្វើអ្វីតាមអំពើចិត្ត រហូតដល់ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ក៏ដូចជាទំនិញប្រភេទចំណីអាហារមានលាយសារធាតុគីមីកាន់តែច្រើនឡើងៗ គឺដោយសារអាងមានលោក ហេង សំបូរ មេគយខេត្តកំពត ជាបង្អែកដ៏រឹងមាំ។ ចំណែកមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមន្ត្រីគយច្រកព្រែកចាក បានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុកដោយគ្មានញញើតអ្វីទាំងអស់។ សូម្បីតែទំនិញជាប្រភេទចំណីអាហារមានផ្ទុកសារធាតុគីមីដូចជា បង្គា ក្ដាម ជាដើមក៏មន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក ឃុបឃិតឲ្យឈ្មួញនាំចូលយ៉ាងពេញបន្ទុកដែរដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ក្នុងនោះលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ដែលមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ មេគយខេត្តកំពត កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមរយៈការឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ទាំងយប់ទាំងថ្ងៃ។
តាមការបង្ហើបពីសំណាក់មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថាលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ចំណាយលុយយ៉ាងច្រើនក្នុងការទទួលបានតំណែងនេះ ដូច្នេះហើយទើបលោក យី ថុល ខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់។ ឈ្មួញនិងអាជីវករតូចតាចមួយចំនួនបានអះអាងថា មួយរយៈចុងក្រោយនេះលោក យី ថុល មេគយច្រកព្រែកចាក ព្រមទាំងបក្ខពួកបានប្រើអំណាចគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ ហើយគេបែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងគំហយកធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងអំពើពុករលួយយ៉ាងខ្លាំងក្លារបស់លោក យី ថុល មេគយច្រកព្រែកចាក តទៅទៀតឡើយ។
ប្រភពដែលស្និទ្ធនឹងលោក យី ថុល មេគយច្រកព្រែកចាក បានឲ្យដឹងថា ការដែលលោក យី ថុល ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញប្រភេទចំណីអាហារមានផ្ទុកសារធាតុគីមីយ៉ាងរាលដាល គឺដោយសារមានការគាំពារពីសំណាក់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ផងដែរ។ ដូច្នេះហើយទើបលោក យី ថុល ហ៊ានយកបទពិសោធន៍ នៃអំពើពុករលួយកាលនៅធ្វើជាប្រធានការិយាល័យគយច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតួនាទីជាប្រធានការិយាល័យគយច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងពេញបន្ទុកតែម្តង។បឋម