ស្វាយរៀង៖ប្រភពពីអាជីវករដែល នាំចូលទំនិញផ្សេងៗតាមច្រកតំបន់ដូង ស្រុករមាសហែក បានឲ្យដឹងថា ពួកគាត់នាំចូលទំនិញ ដូចជា សំបកបាវ កៅអីជ័រ ស្បៃមុង នំចំណី និងទំនិញផ្សេងៗទៀតច្រើន មុខក្នុងមួយគោយន្តត្រូវបង់ ឲ្យសមត្ថកិច្ចពុក រលួយ អស់យ៉ាងតិចមួយលានរៀលទើប ទៅដល់គោលដៅ។
ប្រភពពីប្រជាពលរដ្ធនឹងក្រុមឈ្មួញ មួយចំនួនដែលនាំចូលទំនិញតាមច្រកតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានលួច បង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះមុខ របររបស់ពួកគាត់ស្ទើរតែគ្មាននៅ សល់កម្រៃសម្រាប់ដោះស្រាយ ជីវភាពគ្រួសារ ព្រោះសមត្ថកិច្ច នៅច្រកព្រំដែន និងសមត្ថកិច្ចតាមដងផ្លូវ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។ ដូច្នេះហើយទើបមានសេចក្ដី អំពាវ នាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់ អំពើពុករលួយនៅ តាមដងផ្លូវចាត់វិធានការទៅលើអំពើពុករលួយពាក់ព័ន្ធករណីខាងលើនេះជាបន្ទាន់។ ទន្ទឹមនឹងនេះក៏មានសេចក្ដីអំពាវនាវឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ចាត់វិធានការទប់ស្កាត់អំពើពុក រលួយ របស់សមត្ថកិច្ចនគរបាលនៅច្រកតំបន់ដូង ស្រុករមាសហែក និងសមត្ថកិច្ចតាមដងផ្លូវជាបន្ទាន់។
ក្រុមអាជីវករបានបញ្ជាក់ថាពួកគាត់ត្រូវបង់លុយឲ្យនគរបាលច្រកទ្វារតំបន់ដូង ២០ម៉ឺនរៀលដោយមិនអាចតវ៉ាបានឡើយ ហើយបោះឲ្យនគរបាលសេដ្ឋកិច្ចនិងសមត្ថកិច្ចអាវុធហត្ថនៅតាដងផ្លូវ ក៏ដូចជាគយចល័តតាមផ្លូវជាតិលេខ៨ ចំនួន២០ម៉ឺនរៀលថែមទៀត។
ប្រភពពីក្រុមអាជីវករបានឲ្យដឹងទៀតថា ពួកគាត់ត្រូវបង់ឲ្យមន្ត្រីគយខាងកើតរង្វង់មូលស្វាយអន្ទរ ចំនួន១៥ម៉ឺនរៀលនិងបង់ឲ្យនគរបាលសេដ្ឋកិច្ចនៅរង្វង់មូលស្វាយអន្ទរ ៥ម៉ឺនរៀល ហើយទម្រាំដល់គោលដៅក្នុងស្រុកពារាំង និងខេត្តកណ្ដាល គឺអស់មិនតិចជាងមួយលានរៀលនោះទេ។
ក្រុមអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៨ ក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់ពុំបានទទួលបង្កាន់ដៃបង់លុយឬលិខិតស្នាមអ្វីផ្សេងៗនោះទេ។ មានន័យថា សមត្ថកិច្ចនៅច្រកតំបន់ដូង ក៏ដូចជាសមត្ថកិច្ចនៅតាមផ្លូវជាតិលេខ៨ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយគាបយកលុយពីពួកគាត់តាមអំពើចិត្តធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារទៅហើយ។
ក្នុងនោះលោក សៅ វណ្ណា មេប៉ុស្ដិ៍នគរបាលច្រកទ្វារតំបន់ដូង ស្រុករមាសហែក កំពុងប្រើតួនាទីនិងអំណាចគាបយកលុយពីពួកគាត់យ៉ាងគឃ្លើន ដូច្នេះលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ។
ទន្ទឹមនឹងនេះ មេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករមិនគួរមើលរំលងអំពើពុករលួយរបស់មន្ត្រីគយនៅលើផ្លូវជាតិលេខ៨ នោះទេ ព្រោះពួកគេកំពុងគាបយកលុយពីឈ្មួញ និងអាជីវករ តាមរបៀបពុករលួយ ស្រេចតែអំពើចិត្តរបស់ខ្លួន។បឋម