ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងឃុំពូជ្រៃ បានឲ្យដឹងថាឈ្មួញឈ្មោះ ចែរឿន មានសិទ្ធិប្រមូលទិញឈើពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រុមឈ្មួញដែលកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃ តំបន់អភិរក្ស និងព្រៃសហគមន៍ ជាច្រើនកន្លែងនៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ ចែរឿន មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទើបអាចប្រមូលទិញឈើកែច្នៃឈើនិងដឹកជញ្ជូនឈើចេញទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាយ៉ាងរលូន។ ទន្ទឹមនឹងនេះមានឈ្មួញមួយចំនួនមកទិញឈើបន្តពីឈ្មួញឈ្មោះ ចែរឿន ដើម្បីដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ និងច្រកផ្សេងៗទៀតផងដែរ ដោយសារមានការឃុបឃិតជាប្រព័ន្ធ។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែរឿន បានបង្កើតរោងសិប្បកម្មកែច្នៃឈើយ៉ាងធំមួយនៅខាងក្រោយផ្ទះរបស់គាត់ ហើយដឹកជញ្ជូនឈើចេញទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សិប្បកម្មកែច្នៃឈើដ៏ធំរបស់ឈ្មួញឈ្មោះ ចែរឿន មានរបងខាងមុខបិទជិតហើយឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចូលទៅយកលុយពីម្ចាស់រោងសិប្បកម្មនេះជារៀងរាល់ខែដើម្បីជាថ្នូរនឹងការមិនបង្ក្រាប។ បន្ទាប់មកឈ្មួញឈ្មោះ ចែរឿន បានដឹកឈើពាក់កណ្ដាលកែច្នៃយកទៅលក់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាយ៉ាងរលូន ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាសមត្ថកិច្ចនៅតាមដងផ្លូវ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែរឿន បានប្រើប្រាស់រថយន្តម៉ាកសាំយ៉ុងជាច្រើនគ្រឿងដឹកជញ្ជូនឈើពាក់កណ្ដាលកែច្នៃចូលទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាយ៉ាងរលូន ព្រោះឈ្មួញម្នាក់នេះមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចតាមដងផ្លូវ។ ទន្ទឹមនឹងនេះឈ្មួញឈ្មោះ ចែរឿន បានអួតអាងប្រាប់ប្រជាពលរដ្ឋក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា យ៉ាងក្រអឺតក្រទមថាគ្មាននរណាហ៊ានបង្ក្រាបខ្លួននោះទេ ព្រោះខ្លួនបង់លុយប្រចាំខែឲ្យមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធរួចទៅហើយ។ ប្រភពខ្លះបានឲ្យដឹងថា លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានចាត់ទុកឈ្មួញឈ្មោះ ចែរឿន ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។បឋម