ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកឡាប៉ាខេ និងច្រករបៀងជាច្រើនកន្លែងក្បែរៗនោះសុទ្ធតែត្រូវបង់លុយតាមការកំណត់របស់លោក សា ផល្លា មិនអាចរំលងបានជាដាច់ខាត។ ក្នុងមួយថ្ងៃៗមានរថយន្តសាំយ៉ុងនិងរថយន្តកែច្នៃពី៥០គ្រឿងទៅ៨០គ្រឿងដឹកឈើចេញទៅស្រុកយួននិងមានម៉ូតូដឹកឈើទៅស្រុកយួនប្រមាណ២០០គ្រឿងទៅ៣០០គ្រឿង ដូច្នេះលោក សា ផល្លា មេប៉ុស្ដិ៍ការពារព្រំដែនឡាប៉ាខេ អាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ បើតាមប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថាលោក សា ផល្លា ជាមិត្តភក្ដិជិតស្និទ្ធរបស់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ចំពោះភាពអសកម្មនិងអំពើពុករលួយរបស់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាបន្ទាន់ព្រោះមួយរយៈចុងក្រោយនេះលោក ឡោ សុខា បណ្ដោយឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលពួកគេអាចដឹកឈើចេញទៅស្រុកយួនតាមច្រកនេះយ៉ាងរលូន គឺដោយសារពួកគេបង់លុយតាមការកំណត់របស់សមត្ថកិច្ចពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា ទាំងឈ្មួញដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង រថយន្តកែច្នៃ និងដឹកឈើតាមម៉ូតូសុទ្ធតែបង់លុយតាមការកំណត់របស់លោក សា ផល្លា មេប៉ុស្ដិ៍ការពារព្រំដែនឡាប៉ាខេ និងមន្ត្រីពាក់ព័ន្ធប្រចាំច្រកនេះ ហើយក៏មានការបង់លុយឲ្យមន្ត្រីគយចល័តផងដែរ។ ក្នុងនោះលោក សា ផល្លា មេប៉ុស្ដិ៍ការពារព្រំដែនឡាប៉ាខេ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងសប្បាយប្រមូលលុយពីឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយប្រើប្រាស់ឈ្មោះលោក ឡោ សុខា ដើម្បីការពារទង្វើរបស់ខ្លួនទៀតផង។
តាមការបង្ហើបពីក្រុមឈ្មួញដែលប្រើប្រាស់រថយន្តសាំយ៉ុងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកឡាប៉ាខេ បានឲ្យដឹងថា កន្លងមកសម្រាប់រថយន្ត១គ្រឿងត្រូវបង់លុយឲ្យលោក សា ផល្លា ដល់ទៅ៣០០០ដុល្លារក្នុងមួយខែមិនអាចតវ៉ាបានទេ។ ក្រុមឈ្មួញបានបញ្ជាក់ទៀតថា ឥឡូវនេះពួកគេត្រូវបង់លុយឲ្យលោក សា ផល្លា ត្រឹម១៥០០ដុល្លារក្នុង១ខែសម្រាប់រថយន្តសាំយ៉ុង១គ្រឿង ហើយអ្នកដឹកឈើតាមរថយន្តកែច្នៃឬតាមម៉ូតូសុទ្ធតែបង់លុយតាមការកំណត់ដូចគ្នា។ ច្រករបៀងជាច្រើនកន្លែងដូចជា ច្រកង៉ាំយូលិត ច្រកង៉ាំបាឡាង ច្រកង៉ាំបាវ៉េ និងច្រកង៉ាំដី ជាដើមគឺជាច្រកដែលឈ្មួញសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ព្រោះលោក សា ផល្លា ជាអ្នកគ្រប់គ្រងច្រករបៀងទាំងនេះដោយផ្ទាល់តែម្តង។បឋម