ក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញពីប្រទេសយួនឆ្លងកាត់ផ្លូវជាតិលេខ៦ ស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ចូលទៅក្រុងសៀមរាប ក៏បានឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប គាបយកលុយពីពួកគេកាន់តែច្រើនឡើងៗ។ ប្រភពដែលស្និទ្ធនឹងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ទេនោះគឺលោក ម៉ៅ សាមឿន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ម៉ៅ សាមឿន ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ដូចជាគ្រឿងសំណង់ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងជាដើម ចូលទៅលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងដោយគ្មានខ្លាចក្រែងអ្វីឡើយ។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តសៀមរាប មួយចំនួនបានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុនទៅទៀត ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ជាក់ស្ដែងក្នុងខណៈដែលលោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព គឺលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តទៀត។
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប កំពុងឃុបឃិតបើកដៃឲ្យលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាង ហើយប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដែលនាំចូលទំនិញពីប្រទេសសៀម មកលក់ចែកចាយក្នុងខេត្តសៀមរាប ក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនទំនិញពីស្រុកយួនមកលក់ចែកចាយក្នុងខេត្តសៀមរាប ត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ការដែលលោក ម៉ៅ សាមឿន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ដែលមានខ្នងបង្អែករឹងមាំនិងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។
ក្រុមឈ្មួញដឹកជញ្ជូនទំនិញពីច្រកព្រំដែនក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៦ ស្រុកពួក ចូលទៅខេត្តសៀមរាប បានឲ្យដឹងថា ក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការលើផ្លូវជាតិលេខ៦ ស្រុកពួក គាបយកលុយពីពួកគាត់តាមរបៀបពុករលួយកាន់តែច្រើនឡើងៗ។ ក្រុមឈ្មួញបានឲ្យដឹងថា លោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប តែងតែប្រើឈ្មោះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ក៏ដូចជាប្រើឈ្មោះមន្ត្រីគយជាន់ខ្ពស់ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនជាប្រចាំ។ លើសនេះទៅទៀតក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីច្រកព្រំដែនក្នុងខេត្តឧត្ដរមានជ័យ និងច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ត្រូវទំនាក់ទំនងជាមួយលោក ម៉ៅ សាមឿន ជាមុនទើបអាចដឹកជញ្ជូនទំនិញទាំងនោះទៅដល់គោលដៅដោយគ្មានការរំខាន។បឋម