ប្រភពពីមន្ត្រីនគរបាលក្នុងខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ និងនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោក កើត ដារ៉ាស៊ី ឃុបឃិតឲ្យឈ្មួញនាំចេញទំនិញគេចពន្ធ ក៏ដូចជានាំចេញឈើនិងធ្យូងស្រេចតែអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថាលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចធំជាងគេក្នុងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយឈ្មួញធំៗដែលល្បីល្បាញខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដូចជាមេឈ្មួញ តុប វីដា មេឈ្មួញ សឹង សំអុល និងឧកញ៉ា ជ័យ ជាដើមសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ មន្ត្រីនគរបាលក្នុងខេត្តក្រចេះ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក កើត ដារ៉ាស៊ី ជាបន្ទាន់ព្រោះសកម្មភាពទាំងនោះកំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រសួងមហាផ្ទៃ និងស្ថាប័ននគបាលជាតិទាំងមូលផងដែរ។
ថ្មីៗនេះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់វិធានការទៅលើលោកឧត្តមសេនីយ៍ត្រី ខូង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រោយពេលប្រជាពលរដ្ឋលាតត្រដាងរឿងអាស្រូវរបស់លោក ខូង ទីន និងបក្ខពួកជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក កើត ដារ៉ាស៊ី មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មិនទាន់ត្រូវបាននាយឧត្តមសេនីយ័ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការដូចលោក ខូង ទីន នៅឡើយទេ។ ប្រការនេះហើយទើបលោក កើត ដារ៉ាស៊ី នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនក្នុងការប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ដោយប្រើប្រាស់ឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនទៀតផង។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាលោក កើត ដារ៉ាស៊ី មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ នៅតែប្រើអំណាចគាបយកលុយពីក្រុមហ៊ុននិងក្រុមឈ្មួញនាំចូលទំនិញតាមច្រកនេះស្រេចតែអំពើចិត្ត។ បើទោះបីឈ្មួញខ្លះនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្បាលរថយន្តឬបង់លុយលើតុក្រោមតុឲ្យលោក កើត ដារ៉ាស៊ី និងបក្ខពួកតាមការកំណត់នោះឡើយ ដើម្បីចៀសផុតពីការរំខាន។ ដោយសារលោក កើត ដារ៉ាស៊ី ប្រើអំណាចនិងតួនាទីរបស់ខ្លួនគាបយកលុយពីក្រុមហ៊ុននិងក្រុមឈ្មួញនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ កាន់តែច្រើនឡើងៗទើបរឿងអាស្រូវនិងអំពើពុករលួយរបស់លោក កើត ដារ៉ាស៊ី ត្រូវបានបើកកកាយជាបន្តបន្ទាប់មួយរយៈកន្លងទៅនេះ។បឋម