ប្រភពពីមន្ត្រីគយនៅក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថាលោក ហ៊ុយ សុជាតិ កំពុងយកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានការិយាល័យគយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកអនុវត្តន៍ក្នុងខេត្តមណ្ឌលគិរី យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ទំនងជាលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី ទើបខំប្រឹងស្រង់ដើមតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបណ្ដោយឲ្យលោក ហ៊ុយ សុជាតិ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនតែម្តង។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឈ្មួញអាចនាំចូលប្រេងសាំងគេចពន្ធតាមច្រកនេះយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មេគយច្រកនេះដែលមានការឃុបឃិតបើកដៃពីសំណាក់លោក ហ៊ុយ សុជាតិ ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលពីស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ គឺបង់ពន្ធប្រមាណ៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងមន្ត្រីគយច្រកដាក់ដាំ យ៉ាងសុខស្រួល។ លើសនេះទៅទៀតទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ ស្រុកពេជ្រាដា និងច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏ឈ្មួញបង់ពន្ធត្រឹម៣០ទៅ៤០ភាគរយដែរ ព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីគយពុករលួយក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី។
បើតាមការបង្ហើបពីប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីនាំចូលប្រេងសាំងគេចពន្ធនិងទំនិញគេចពន្ធតាមច្រកទ្វេភាគីដាក់ដាំ ច្រកទ្វេភាគីណាំលៀ និងច្រកទ្វេភាគីឡាប៉ាខេ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី។ ក្រុមឈ្មួញទាំងនោះសុទ្ធតែសុំការយោគយល់ពីសំណាក់លោក ហ៊ុយ សុជាតិ ដើម្បីឲ្យមុខរបររបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន ហើយមន្ត្រីគយចល័តក្នុងខេត្តមណ្ឌលគិរី ជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ ទៀតផង។ មន្ត្រីគយនៅក្នុងខេត្តមណ្ឌលគិរី បានកត់សម្គាល់ថា ចាប់តាំងពីទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេគឺលោក ហ៊ុយ សុជាតិ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅតែប៉ុណ្ណោះ។បឋម